អង្គការសហប្រជាជាតិ៖ កំណើនអតិផរណាធ្វើឱ្យមនុស្ស ៧១លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ
អ.ស.ប៖ ការកើនឡើងនៃអត្រាអតិផរណាបានជំរុញឱ្យមនុស្ស ៧១លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចាប់តាំងពីខែមីនា ឆ្នាំ២០២២ ដែលជាការជូនដំណឹងរបស់កម្មវិធី អភិវឌ្ឍន៍ អង្គការសហប្រជាជាតិឬយូអិនឌីភី (UNDP) នៅក្នុង របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ប្រធាន UNDP លោក Achim Steiner បាននិយាយថា ការកើន ឡើងតម្លៃដែលមិនធ្លាប់មានពីមុនមក មានន័យថា សម្រាប់មនុស្ស ជាច្រើននៅទូទាំងពិភពលោក អាហារដែលពួកគេអាចទិញ បាន កាលពីម្សិលមិញ គឺមិនអាចទទួលបាននៅថ្ងៃនេះទៀតទេ។ វិបត្តិតម្លៃនៃការរស់នៅនេះ កំពុងធ្វើឱ្យមនុស្សរាប់លាននាក់ ធ្លាក់ទៅក្នុងភាពក្រីក្រ និងសូម្បីតែភាពអត់ឃ្លានក្នុងល្បឿន ដ៏គួរឱ្យភ្ញាក់ផ្អើល ហើយទន្ទឹមគ្នានោះ ការគំរាមកំហែងនៃការកើន ឡើងភាពចលាចលក្នុងសង្គមក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ។
ជាមួយនឹងការកើនឡើងអតិផរណា អត្រាការប្រាក់ទំនងជា នឹង កើនឡើង ដែលបណ្តាលឱ្យភាពក្រីក្រដែលបង្កឡើង ដោយសារ វិបត្តិសេដ្ឋកិច្ចបន្ថែមទៀត ធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យភាព ក្រីក្រកាន់តែធ្លាក់ជ្រៅនៅទូទាំងពិភពលោក។
ការវិភាគនៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៥៩ នៅទូទាំងពិភពលោក បានបង្ហាញថា ការកើនឡើងថ្លៃទំនិញសំខាន់ៗកំពុងមាន ផលប៉ះពាល់ ភ្លាមៗ និងបំផ្លិចបំផ្លាញដល់ជីវភាពគ្រួសារក្រីក្របំផុត ជាពិសេស ប្រជាជននៅតំបន់បាល់កង់ ប្រទេសក្នុងតំបន់ដែនសមុទ្រកាសព្យែន និងអនុតំបន់សាហារ៉ាអាហ្រ្វិក។ នេះបើតាមការព្យាកររបស់ UNDP៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា