ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំកៀងគរមូលនិធិ ដើម្បីអបអរខួបលើកទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម

ខេត្តកណ្តាល ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំកៀងគរមូលនិធិ ដើម្បីអបអរ ខួបលើកទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ«ដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងភាពធន់សហគមន៍»។

កិច្ចប្រជុំនេះដែរ ធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១។

ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើដល់អនុសាខាទាំងអស់ និងមន្ត្រីប្រតិបត្តិសាខា ត្រូវខិតខំកៀងគរសប្បុរសជន ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលកាកបាទក្រហមកម្ពុជាខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពី ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

បន្ទាប់ពីកិច្ចប្រជុំរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ បានជួបសំណេះសំណាល និងទទួលថវិកាពីអនុសាខាចំនួន៤ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសអបអរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងភាពធន់សហគមន៍»។

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ អនុសាខា ដែលបានបរិច្ចាគនូវថវិកា ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។

សូមបញ្ជាក់ថា ថវិកាដែលស្រុកទាំង៤ បានផ្ដល់ជូនសរុបចំនួន ១៣៥០០ដុល្លារសហរដ្ឋអាមេរិក និង ១៦លានរៀល ក្នុងនោះរួមមាន៖ អនុសាខាស្រុកល្វាឯម ៥០០០ដុល្លារ , អនុសាខាស្រុកលើកដែក ថវិកា ៣៥០០ដុល្លារ , អនុសាខាស្រុកពញាឮ ថវិកា ៥០០០ដុល្លារ, អនុសាខាស្រុកកោះធំ ថវិកា ១៦លានរៀល ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner