សិស្សានុសិស្ស នៃសាលាបឋមសិក្សា ទាំង ២២ទូទាំង ខេត្តកែប ទទួលបានសម្ភារៈសិក្សា ពីអង្គការ អែដ អេ អាក់ស្យុង
ខេត្តកែប៖ តាមរយៈកម្មវិធី បណ្តុះបណ្តាលការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ដើម្បីចីរភាពនៅកម្ពុជា របស់អង្គការ អេដ អេ អាក់ស្យុង ដែលហៅកាត់ថា AEA ក្រោមការគាំទ្ររបស់សហភាពអឺរ៉ុប កម្មវិធី អប់រំកុមារ (AEC) នៃមូលនិធិអប់រំទាំងអស់គ្នា និងស្ថាប័នដៃគូជាច្រើនទៀត បានបើកវគ្គបណ្តុះបណ្តាល ដល់សិក្ខាកាមដែល ជាអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ នាយកសាលាបឋមសិក្សាទូទាំងខេត្តកែបផងដែរ ។
វគ្គបណ្តុះបណ្តាលរបស់អង្គការ AEA ត្រូវបានរៀបចំឡើង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកែប ក្រោមអធិបតីភាព លោក ព្រុំ គន្ធិ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីអង្គការដៃគូជាច្រើនរូប។
លោក ស្រី ខាត់ទី ឯកវិសុទ្ធ តំណាងអង្គការ អេដ អេ អាកស្យុង (AEA) បានថ្លែងថា គោលបំណងជាក់លាក់ចំនួនបី ដែលជាបេសកកម្មរបស់អង្គការ គឺៈ
-ទី១ រួមចំណែក ធ្វើឱ្យប្រសើរឡើងនូវ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព តាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល វិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាល ។
-ទី២ រួមចំណែក ធ្វើឱ្យប្រសេីរឡើងនូវការផ្តល់ឱកាស ទទួលបានការអប់រំ ទៅដល់ កុមារ ការទទួលបានសេវាទឹកស្អាត និងអនាម័យ ។
-និងទី៣ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ដែលជួយអភិរក្សបរិស្ថាន ប្រកបដោយលក្ខណៈ បរិយាប័ន្ន។
លោកស្រីបន្តថា គោលបំណងទាំងបីខាងលើ អង្គការ AEA កំពុងអនុវត្ត នៅតាមឃុំ-សង្កាត់ ចំនួន ៤៧ក្រុង -ស្រុកចំនួន១០ នៃខេត្តជាប់ឆ្នេរសមុទ្រទាំង៤ គឺកែប កំពត កោះកុង និងខេត្តព្រះសីហនុ ។
លោក ព្រំ គន្ធិ អភិបាលខេត្ត ស្តីទី បានកោតសសើរ និងថ្លែងអំណរគុណ ចំពោះអង្គការ អេដ អេ អាក់ស្យុង ដែលនៅតែបន្ត បេសកកម្មនៅលើទឹកដីខេត្តកែប ដែលបានរួមចំណែក អភិវឌ្ឍសហគមន៍ឱ្យមានភាព រស់រវើក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព ពង្រឹងការផ្តល់សេវាកម្ម និងការអភិវឌ្ឍបៃតង សំដៅរួមចែកកាត់បន្ថយភាពក្រីក្រ និងវិសមភាព ។
លោកអភិបាលខេត្តស្តីទី បន្តថា កន្លងមក អង្គការ ធ្លាប់បានចួលរួមកសាង សាលារៀន បណ្ណាល័យ បង្គន់អនាម័យ និងផ្តល់ជូននូវអំណោយជាសម្ភារៈសិក្សា ដល់សិស្សានុសិសជាបន្តបន្ទាប់ ជាក់ស្តែងថ្ងៃនេះ ក្រៅពីបើកវគ្គបណ្តុះបណ្តាលការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដ៏មានសារៈសំខាន់នេះ អង្គការក៏បាននាំយកនូវសម្ភារៈសិក្សាផ្តល់ជូន ដល់កុមារ ដែលមកពីសាលាបឋមសិក្សាទាំង២២ទូទាំងខេត្តផងដែរ ។
ជាមួយគ្នានេះ លោក អភិបាលខេត្តស្តីទី ក៏បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ត្រង់ត្រាប់ស្តាប់នូវបទបង្ហាញ របស់ គ្រូឧទ្ទេស ដែលបានផ្តល់ជូនរយៈពេលពេញមួយថ្ងៃនេះ ប្រកបដោយស្មារតីយកចិត្តទុកដាក់ ដើម្បីក្រេបយកចំណេះដឹង ទៅអនុវត្ត ឆ្លើយតបឱ្យបានច្រើនចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេស ជនក្រីក្រ ស្រ្តី កុមារ និងជនងាយរងគ្រោះផ្សេងទៀតក្នុងខេត្តកែប ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព៕ Sila Sarin