លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ឹង គៀត

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបាន ទទួលមរណភាពកាលពីវេលាម៉ោង ១១:៥០ ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានប្រគល់ជូន លោកជំទាវ រស់ ព្រីប៊ុន ព្រមទាំងក្រុមគ្រួសារ នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាពរបស់ ឯកឧត្តម អ៊ឹង គៀត មិនត្រឹមជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិ មិត្តជិតឆ្ងាយទាំងអស់ ប៉ុណ្ណោះទេ តែជាការបាត់បង់ឥស្សរជនជាន់ខ្ពស់នៃប្រទេសជាតិ ដែលបានតស៊ូ លះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញាស្មារតី ចូលរួមបម្រើជាច្រើនជំនាន់យ៉ាងសកម្មបំផុតក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃ កាកបាទក្រហមកម្ពុជា សូមសំដែងនូវការគោរព និងឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង គៀត សូម អញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner