ភាគខាងជើងវៀតណាមជួបបញ្ហាអាកាសធាតុឡើងក្តៅខ្លាំង
ហាណូយ ៖ ភាគខាងជើងនៃប្រទេសវៀតណាម អាចនឹងបន្តមានការឡើងកំដៅ រហូតដល់ថ្ងៃអង្គារ៍ ទី១៩ កក្កដា ២០២២។
អ្នកជំនាញអាកាសធាតុបាននិយាយថា ភាគខាងជើងប្រទេសវៀតណាមនឹងបន្តមានអាកាសធាតុក្តៅ និងមានពន្លឺថ្ងៃ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ពោលគឺនៅពេលដែលភ្លៀងនឹងត្រលប់មកតំបន់នោះវិញ ។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានឧតុនិយមបានឱ្យដឹងថា បរិមាណខ្យល់ដែលចូលមកពីសមុទ្រនឹងបណ្តាលឱ្យមានតំបន់សម្ពាធទាប និងបង្កឱ្យមានការផ្លាស់ប្តូរគំរូអាកាសធាតុនៅភាគខាងជើងប្រទេសវៀតណាម ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយ ។ មជ្ឈមណ្ឌលបាននិយាយថា តំបន់សម្ពាធទាបនឹងបង្កឲ្យមានភ្លៀងធ្លាក់នៅពេលយប់ និងពេលព្រឹកព្រលឹម ។
ជាមួយគ្នានេះ សីតុណ្ហភាពនៅទីក្រុងហាណូយនឹងស្ថិតក្នុងចន្លោះពី ២៩ដល់ ៣៧ អង្សាសេ នៅថ្ងៃចន្ទ ទី១៨ កក្កដា នេះបើតាមសេវាកម្មព្យាករណ៍អាកាសធាតុរបស់អាមេរិក AccuWeather ។ សីតុណ្ហភាពពេលថ្ងៃអតិបរិមានៅក្នុងទីក្រុងនឹងថយចុះនៅថ្ងៃបន្ទាប់ ធ្លាក់ចុះដល់ ៣៣ អង្សារ នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ ខណៈដែលនៅតំបន់ដែលមានកម្ពស់ខ្ពស់ដូចជាទីប្រជុំជន Sa Pa របស់ Lao Cai សីតុណ្ហភាពនឹងមានពី ១៨ ដល់ ២៥ អង្សាសេ ។
ភាគកណ្តាលនៃប្រទេសវៀតណាម ចាប់ពីខេត្ត Thanh Hoa ដល់ខេត្ត Phu Yen នឹងមានពន្លឺថ្ងៃខ្លាំង ជាមួយនឹងសីតុណ្ហភាពអតិបរមានៅពេលថ្ងៃ ឡើងដល់ ៣៥ ដល់ ៣៧ អង្សាសេ រហូតដល់ថ្ងៃពុធ ។ សីតុណ្ហភាពខ្ពស់គួរត្រូវបានរំពឹងទុកនៅចន្លោះម៉ោង ១១ព្រឹក ដល់ ៥ល្ងាច ។
ភាគខាងត្បូង និងតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ នៅសប្តាហ៍នេះ ដែលភាគច្រើននៅពេលព្រលប់ ។ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកក្កដា សីតុណ្ហភាពអតិបរិមានៅតំបន់ខ្ពង់រាបភាគកណ្តាលនឹងមានប្រហែល ២៨ដល់ ៣១អង្សាសេ និង ៣២ ដល់ ៣៣ អង្សាសេ នៅភាគខាងត្បូងប្រទេសវៀតណាម ៕ ប្រភពពី VNexpress, ប្រែសម្រួលដោយ៖ សារ៉ាត