ករណីឃាតកម្ម សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ យកទៅធ្វើការសាកសួរ ក្រោយសង្ស័យថា មានជម្លោះចាក់សម្លាប់បងប្រុសរបស់ខ្លួន នៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ ករណីឃាតកម្ម សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ យកទៅសាកសួរ ដោយមានការសង្ស័យថា មានជម្លោះ រហូតឈានដល់ចាក់សម្លាប់បងប្រុសរបស់ខ្លួន នៅក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិចមូលដ្ឋាន កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ទីតាំងផ្ទះមួយកន្លែងខាងលើ មានបញ្ហាបងប្អូនឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហឹង្សា បណ្តាលឱ្យមានរបួសបុរសម្នាក់ ក៏ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែភ្លាមៗនោះ ដោយសារតែអ្នកជម្ងឺរបួសធ្ងន់ ទើបស្លាប់នៅឯមន្ទីរពេទ្យ លុះដល់ម៉ោង១០យប់ថ្ងៃដដែល សពត្រូវបានដឹកបញ្ជូនមកផ្ទះកើតហេតុវិញ រហូតមកដល់ម៉ោងប្រម៉ាណជាង ៩ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចមូលដ្ឋាន បានទទួលដំណឹងភ្លាមៗ រួចក៏ទៅធ្វើការសាកសួរ នៅឯផ្ទះកើតហេតុខាងលើនេះតែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា យោងតាមការបំភ្លឺរបស់ស្ត្រី ជាម្តាយ បានអះអាងថា កូនប្រុសរបស់ខ្លួន មានឈ្មោះ ឡោះ សុគ្រី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរបច្ចុប្បន្ន លាងម៉ូតូ បានទទួលមរណៈភាព ដោយសារជម្ងឺសួតរាំរ៉ៃ រយៈពេល ១០ឆ្នាំ។ សមត្ថកិច្ច បន្តឱ្យដឹងទៀតថា ខ្លួនមិនអាចពិនិត្យសពបាននោះទេ បើសិនជាគ្មានការដាក់ពាក្យបណ្តឹង។ លុះមកដល់ម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ក៏ស្រាប់តែផ្ទុះនូវការសង្ស័យ ថា ករណីនេះ អាចជាករណីឃាតកម្ម ប្អូនស្រី ខឹងបងប្រុសរបស់ខ្លួន រួចទាញរបស់ស្រួចមកចាក់ទៅលើជនរងគ្រោះ រហូតបណ្តាល់ឱ្យរបួសធ្ងន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ដោយសារក្រុមគ្រួសារសព បានដឹកយកសពទៅបញ្ចុះ ដោយគ្មានលិខិតស្នាមដឹងលឮត្រឹមត្រូវដល់សមត្ថកិច្ចមូលដ្ឋាន រហូតឈានដល់ការឃាត់ខ្លួននារីម្នាក់ មានឈ្មោះ ម៉ាសត៍ អាយុប្រមាណ ៤០ឆ្នាំ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរចម្លើយបន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច្ឆ័យ បានទទួលដំណឹងនេះ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ បើកការស៉ើបអង្គេត រហូតឈានដល់ការគាស់កន្លែង កប់សាកសពជនរងគ្រោះ ដើម្បីធ្វើការត្រួតពិនិត្យ ព្រោះយោងតាមលិខិតបញ្ជាក់ពីមន្ទីរពេទ្យ បានបង្ហាញថា នៅលើសាកសពមានស្នាមរបួស មិនមែនស្លាប់ ដោយសារជម្ងឺនោះទេ៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner