អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងយុត្តិធម៌ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធជូនដល់ថា្នក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារ ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយក្រសួងយុត្តិធម៌ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធជូនដល់ថា្នក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌តំណាងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

ឯកឧត្តម គង់ វិបុល បានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលថា កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់ ដែលនេះគឺជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ហើយការរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនេះ គឺជាផ្នែកមួយនៃកំណែទម្រង់ស្របពេលដែលមន្ត្រីពន្ធដារ ទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ ។

ឯកឧត្តម អគ្គនាយកពន្ធដារ បានបន្តថា អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តធ្វើកំណែទម្រង់ និងទំនើបកម្មពន្ធដារតាំងពីឆ្នាំ២០១២ ដែលជាលទ្ធផលនៃការងារគ្រប់គ្រងប្រមូលចំណូលពន្ធដារដោយសម្រេចបានគ្រប់ និងលើសផែនការ។ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ19 លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធដានៅតែបន្តសម្រេចបានគ្រប់ និងលើផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំជាបន្តបន្ទាប់ ដោយឆ្នាំ២០១៩ សម្រេចបាន ១២៣,២០%, ឆ្នាំ២០២០ សម្រេចបាន ១០១,៣៦% និងឆ្នាំ២០២១ សម្រេចបាន ១២៤,០២%។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូជឿជាក់ថា មន្ត្រីពន្ធដារដែលជាសិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ ជាពិសេសចំណេះដឹងស្ដីពីច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធនឹងដែនសមត្ថកិច្ច និងការអនុវត្តតួនាទីជានគរបាលយុត្តិធម៌។ ការរៀបចំវគ្គបណ្ដុះបណ្ដាល គឺជាការយកចិត្តទុកដាក់ក្នុងការបន្តកសាង និងពង្រឹងសមត្ថភាពនៃធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាការរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលល្អ ដើម្បីសម្រេចបានដោយជោគជ័យនូវបេសកកម្មប្រមូលចំណូលពន្ធដារ។ វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលជាអទិភាពរបស់នាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តមុខងារប្រតិបត្តិការស្នូល និងក្នុងនាមជាអាជ្ញាធរគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ជាប្រយោជន៍ថវិកាជាតិ ត្រូវមាននីតិសម្បទាជានគរបាលយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីពន្ធដាក់ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម កេង សុម៉ារិទ្ធ បានមានប្រសាសន៍ថា វិស័យពន្ធដារ គឺជាចរន្តមួយដ៏សំខាន់ក្នុងសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការប្រមូលចំណូលពន្ធគ្រប់ប្រភេទ ដែលពាក់ព័ន្ធទៅនឹងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការពង្រឹងការអនុវត្តច្បាប់ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ និងបទប្បញ្ញត្តិ ដែលបានចែងក្នុងច្បាប់ស្ដីពីសារពើពន្ធ។ ក្រមទាំងពីរ បានបញ្ញត្តិនូវគោលការណ៍គ្រឹះសំខាន់ៗក្នុងនីតិព្រហ្មទណ្ឌជាមូលដ្ឋាន សម្រាប់មន្រ្តីអនុវត្តច្បាប់ក្នុងការបំពេញមុខងាររបស់ខ្លួន ។

ឯកឧត្តម បានលើកឡើងថា នគរបាលយុត្តិធម៌ ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងពីនីតិវិធីព្រហ្មទណ្ឌនៅគ្រប់ដំណាក់កាល និងបុគ្គល និងអង្គភាពនានាដែលពាក់ព័ន្ធនឹងនីតិវិធីតុលាការ ដែលក្នុងនោះ នគរបាលយុត្តិធម៌ ជាផ្នែកមួយយ៉ាងសំខាន់។ សមាសភាពនគរបាលយុត្តិធម៌រួមមាន៖ មន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្ត្រីរាជការសាធារណៈដទៃទៀត ដែលច្បាប់ដោយឡែកប្រគល់អំណាចឱ្យធ្វើការត្រួតពិនិត្យបទល្មើសខ្លះក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។ នគរបាលយុត្តិធម៌ ត្រូវធ្វើការងារក្រោមការដឹកនាំ និងសម្របសម្រួលពីស្ថាប័នអយ្យការ ក្នុងការបង្ក្រាប ការត្រួតពិនិត្យបទល្មើស ការស៊ើបអង្កេតករណីជាក់ស្ដែង និងការស៊ើបអង្កេតបឋម ព្រមទាំងការកសាងសំណុំរឿងមកកាន់តុលាការក្នុងនាមជាម្ចាស់នៃបណ្ដឹង។

ឯកឧត្តមបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ ដើម្បីប្រើប្រាស់ក្នុងការអនុវត្តការងារលើវិស័យពន្ធដារ ជាពិសេស ក្នុងការត្រួតពិនិត្យបទល្មើស ការប្រមូលភស្ដុតាង និងកសាងសំណុំរឿងទៅតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

គួរបញ្ចាក់ដែរថា កម្មវិធីបណ្តុះបណ្តាលវគ្គទី២ និងទី៣ សម្រាប់មន្ត្រីនគរបាលយុត្តិធម៌ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២២ ដោយមានមន្ត្រីពន្ធដារ ជាសិក្ខាកាមចូលរួមសរុបចំនួន៧៧៣រូបបានចូលរួមដោយផ្ទាល់ នៅសាលប្រជុំនៃសាលាជាតិពន្ធដារ និងចូលរួមតាមប្រព័ន្ធអញ ៕ ដោយ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner