ក្រសួងបរិស្ថាន បានចុះកិច្ចហត្ថលេខាលើកិច្ចព្រមព្រៀង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Allianceស្តីពី«កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន»សម្រាប់ ការរៀបចំគម្រោងរ៉េដបូកសំកុស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស
ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី«កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន»សម្រាប់ការរៀបចំគម្រោងរ៉េដបូកសំកុស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងលោក ចន វីល្លីស នាយកប្រចាំប្រទេស នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃព្រមទាំងអស់លោក លោកស្រី តំណាងអគ្គក្នុងក្រសួងបរិស្ថាន អង្គការពាក់ព័ន្ធជាច្រើនរូបចូលរួម នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា៖ ដែនជម្រក សត្វព្រៃភ្នំសំកុសមិន ធ្លាប់មានដៃគូសហការលើកិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ជាមួយអង្គការសម្ព័ន្ធមិត្ត សត្វ ព្រៃ (Wildlife Alliance) បានស្ម័គ្រចិត្តធ្វើ ជាដៃគូជាមួយ ក្រសួងបរិស្ថាន ដើម្បីរួមគ្នាការពារ និងអភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុស តាមរយៈ ការរៀបចំគម្រោង រេដបូក តាមស្តង់ការកាបូនស្ម័គ្រចិត្ត។
គោលបំណងចម្បងនៃគម្រោងរេដបូកសំកុស គឺ ចូលរួមចំណែកដល់ការកាត់បន្ថយបម្រែបម្រួល អាកាសធាតុសកល តាមរយៈការគាំទ្រដល់និរន្តរភាពនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃ និងការលើក កម្ពស់ជីវភាពសហគមន៍ ដែលរស់នៅក្នុង និងជាប់នឹងតំបន់គម្រោង ដើម្បីអនុវត្តសកម្មភាពកសិកម្មបែបអភិរក្ស និងបង្កើតឱកាស ជម្រើសជីវភាព សម្រាប់ប្រជាសហគមន៍នៅមូលដ្ឋាន ដើម្បីបញ្ចៀសការដាក់សម្ពាធទៅលើធនធានធម្មជាតិ ។
ឯកឧត្តមរដ្ឋលេខាធិការបន្តទៀតថា៖ កិច្ចសហប្រតិបត្តិការ នៅក្នុងគម្រោងនេះមានគោលបំណង និងគោលដៅ ជាក់លាក់ស្របតាម ច្បាប់ និង បទដ្ឋាន គតិយុត្តដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាព ប្រភពថវិកា និងគោលការណ៍ រួមដូចជា៖
ក- កាត់បន្ថយសកម្មភាពកាប់រានព្រៃខុសច្បាប់ ការកាប់ឈើ ការបរបាញ់ សត្វព្រៃ និងការជួញដូរប្រភេទសត្វព្រៃសំខាន់ៗ ក្នុងតំបន់ការពារធម្មជាតិ តាម រយៈការល្បាត និងការ អនុវត្ត ច្បាប់ប្រកបដោយប្រសិទ្ធភាព ។
ខ- បង្កើតគម្រោងរេដបូកថ្មីមួយក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។ គម្រោងនេះនឹងត្រូវបង្កើត បញ្ជាក់ និងចុះបញ្ជីដោយប្រើប្រាស់ស្តង់ដារកាបូនបញ្ជាក់ (Verified Carbon Standard- VCS) និងស្តង់ដារអាកាសធាតុ សហគមន៍ និងជីវចម្រុះ (Climate, Community and Biodiversity Standard-CCB)។
គ- ផ្តល់យោបល់ និងការគាំទ្របច្ចេកទេសដល់ក្រសួងបរិស្ថានរួម មាន ការផ្សព្វផ្សាយ ទីផ្សារ និងការលក់ឥណទានកាបូននៃគម្រោងកាត់បន្ថយ ការបំភាយឧស្ម័នកាបូនិច ពីការបាត់បង់ និងរេចរឹលព្រៃឈើ «រេដបូក» (Reducing Emission from Deforestation and Forest Degradation-REDD+) ក្នុងគម្រោងរេដបូកសំកុស យោងតាមកិច្ច ព្រមព្រៀង គម្រោងរេដបូក រវាង ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ ។
ឃ- ធានាសុវត្ថិភាពជីវភាពសហគមន៍មូលដ្ឋាន ដែលពឹងអាស្រ័យលើ ធនធាន ក្នុងតំបន់ការពារធម្មជាតិតាមរយៈការគ្រប់គ្រងធនធានធម្មជាតិ អាស្រ័យ លើសហគមន៍ ។
ង- កំណត់ក្នុងផែនទីប្រើប្រាស់ដីធ្លីនៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ និង តាមរយៈវិធីសាស្ត្រ ធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួមផ្តល់សុវត្ថិភាពដល់ព្រំប្រទល់ នៃតំបន់ការពារធម្មជាតិ។
ច- កសាងសមត្ថភាពបច្ចេកទេស និងរូបវន្ត ដល់មន្ត្រីរដ្ឋាភិបាលក្នុងការ គ្រប់គ្រងព្រៃឈើ និងសត្វព្រៃជាក់ស្តែងនៅទីវាល។
ឆ- អនុវត្តកម្មវិធីតាមដានជីវចម្រុះ តាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ សម្រាប់តំបន់ការពារធម្មជាតិ ៕ ដោយ / គ្រី សម្បត្តិ