ចុងសប្ដាហ៍ទី៤ ក្នុងខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២១ម៉ឺននាក់
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានបង្ហាញនៅស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២១ម៉ឺន៣ពាន់៥៩០នាក់ ក្នុងនោះភ្ញៀវជាតិ ១៩ម៉ឺន២ពាន់០៥០នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២ម៉ឺន១ពាន់៥៤០នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន
*ខេត្តព្រះសីហនុ ៣ម៉ឺន៣ពាន់១៧៤នាក់
*ខេត្តកំពត ៣ម៉ឺន១ពាន់៣២៣នាក់
*ខេត្តសៀមរាប ២ម៉ឺន៦ពាន់៧៤៣នាក់
*ខេត្តបាត់ដំបង ២ម៉ឺន០ពាន់៥១២នាក់
*រាជធានីភ្នំពេញ ១ម៉ឺន៨ពាន់០៩៨នាក់
*ខេត្តកណ្តាល ១ម៉ឺន៦ពាន់២៤៥នាក់
*ខេត្តកែប ១ម៉ឺន០ពាន់៥៣១នាក់
*ខេត្តពោធិ៍សាត់ ៨ពាន់៤៩២នាក់
ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា តួលេខបានបន្តថមថយប្រមាណ ៥,៦៧% ធៀបនឹងសប្តាហ៍កន្លងមក។ អាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានី-ខេត្ត ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន។ ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក ទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ហើយផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងខេត្តកំពង់ឆ្នាំង ត្រូវហូរផ្តាច់មិនអាចធ្វើដំណើរកើត។
បន្ថែមពីនេះ អាជ្ញាធររាជធានី-ខេត្ត បានជូនដំណឹង ក្រើនរំឮក និងចាត់វិធានការចាំបាច់នានា ដើម្បីគ្រប់គ្រងស្ថានភាពជំនន់ទឹកទៅតាមស្ថានភាពរៀងៗខ្លួន៕ សេឌី