ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទលួច
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណី លួច (ទូរស័ព្ទដៃ-ប្រាក់) នៅការដ្ឋានសំណង់ផ្ទះល្វែង ផ្លូវ ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាម៉ោង០៣និង៤០នាទីរំលងអាធ្រាត ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជ សុខឡេង ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ហួត ដារ៉ូ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានបញ្ចាក់ថា ៖ មុនពេលកើតហេតុជនរងគ្រោះបានទុកទូរស័ព្ទដៃ ០១គ្រឿង ម៉ាក iPhone-១១ Pro Max ពណ៌បៃតងចាស់ និងប្រាក់ ៤៧ម៉ឺនរៀល លើក្បាលដំណេក រួចដេកក្នុងការដ្ឋានសំណង់ផ្ទះល្វែង (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យ ០២នាក់ ឈ្មោះ ហួត ដារ៉ូ និងឈ្មោះ ខ្មៅ ដើរចូលក្នុងការដ្ឋានសំណង់ខាងលើលួចទូរស័ព្ទដៃ និងប្រាក់ជនរងគ្រោះខាងលើ រួចគេចខ្លួន។ លុះដល់ម៉ោង១១និង០០នាទីថ្ងៃដដែល សមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហួត ដារ៉ូ ដកហូតវត្ថុតាងទូរ ស័ព្ទដៃ ០១គ្រឿងម៉ាកខាងលើ (របស់ជនរងគ្រោះ) បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ។ ចំណែកជនសង្ស័យ ឈ្មោះ ខ្មៅ យកប្រាក់ ៤៧ម៉ឺនរៀលគេចខ្លួនបាត់។ ជាលទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យដែលឃាត់ខ្លួនបានគឺ វិជ្ជមាន សារធាតុញៀន ៕ ដោយ ៖ ភារ៉ា និងប៊ុនធី