អ្នកវិភាគ៖ បៃដិនដើរគន្លងគោលនយោបាយការបរទេសដូចលោកត្រាំ
អតីតមន្ត្រីនិងអ្នកវិភាគនិយាយថាជាង១ឆ្នាំកន្លះតាំងពីឡើងកាន់តំណែងជាប្រធានាធិបតី លោក ចូ បៃដិន និងរដ្ឋបាលរបស់លោកបានប្រើវិធីសាស្រ្តលើអទិភាពជាយុទ្ធសាស្រ្តដូចគ្នានឹងគោលនយោបាយរបស់រដ្ឋបាលត្រាំលើករណីជាច្រើន។
រាប់តាំងពីជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត រហូតដល់ការដាក់ពន្ធគយ និងការត្រួតពិនិត្យការនាំចេញលើចិន រួមទាំងទំនាក់ទំនងជាមួយអ៊ីស្រាអែល និងការដកទ័ពអាមេរិកចេញអាហ្វហ្គានីស្ថានលោក បៃដិន បានធ្វើជាន់គ្នាទៅនឹងអ្វីដែលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្លាប់បានអនុវត្តលើគោលនយោបាយការបរទេសរបស់ខ្លួន។ នេះបើបទវិភាគមួយដែលចុះផ្សាយដោយកាសែតញូវយ៉កថែមស៍។
លោក បៃដិន ធ្លាប់បានប្ដេជ្ញាថាខ្លួននឹងដឹកនាំអាមេរិកឱ្យខុសពីគន្លងដែលដឹកនាំដោយរដ្ឋបាលមុនៗ ហើយមកទល់ពេលនេះ លោកពិតជាសម្រេចបានលើការប្ដេជ្ញាទាំងនេះខ្លះមែន។ ក្រោយឡើងកាន់អំណាច លោកបានជួសជុលសម្ព័ន្ធភាព ជាពិសេសនៅអឺរ៉ុបខាងលិច ដែលលោក ត្រាំ ធ្វើឱ្យចុះខ្សោយ ដោយសារតែគោលនយោបាយ «អាមេរិកជាធំ» និងការរិះគន់ពីប្រទេសដទៃទៀត។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កិច្ចខិតខំប្រឹងប្រែងរបស់លោក បៃដិនបានកំណត់ឱ្យទីក្រុងវ៉ាស៊ីនតោនដឹកនាំសម្ព័ន្ធមិត្តដទៃទៀតដាក់ទណ្ឌកម្មលើរុស្ស៊ីក្រោយការឈ្លានពានអ៊ុយក្រែន។
លើសពីនោះ លោក បៃដិន តម្លើងសម្លេងដាក់លទ្ធិផ្ដាច់ការ លើកកម្ពស់សារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលលើបញ្ហាដែលរួមមានការប្រែប្រួលអាកាសធាតុ និងការរាតត្បាតនៃជំងឺកូវីដ-១៩។
យ៉ាងណាមិញ លើផ្នែកសំខាន់ផ្សេងៗទៀត ដែលស្ថិតក្នុងគោលនយោបាយការបរទេសដូចគ្នា រដ្ឋបាលលោក បៃដិន មិនសូវជាធ្វើឱ្យមានការខុសប្លែកនោះទេ។ ការបង្ហាញចុងក្រោយបំផុតនោះគឺការធ្វើដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតកាលពីពាក់កណ្ដាលខែ ដែលការពង្រឹងទំនាក់ទំនងរវាងបណ្ដារដ្ឋអារ៉ាប់ និងអ៊ីស្រាអែល ត្រូវបានលើកយកមកពិភាក្សាជាបញ្ហាសំខាន់មួយ។
លោកStephen Biegunអនុរដ្ឋលេខាធិការនៃរដ្ឋបាលត្រាំនិងជាមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចច ដាប់បែលយូ ប៊ូស និយាយប្រាប់កាសែតញូវយ៉កថែមស៍ថា៖ «គោលនយោបាយកំពុងបញ្ចូលគ្នា។ ការធ្វើបន្តគ្នាគឺជាបទដ្ឋាន ទោះបីជាវាមានភាពខុសគ្នារវាងប្រធានាធិបតីត្រាំ និង បៃដិន ក្ដី»។
ខណៈមានការសរសើថាការបន្តធ្វើកិច្ចការពីរដ្ឋបាលត្រាំគឺជាការដោះស្រាយបញ្ហាប្រឈមចំពោះផលប្រយោជន៍អាមេរិកសំខាន់ៗមួយចំនួន ក៏មានការរិះគន់លើលោក បៃដិន ផងដែរ ជាពិសេសលើការជួបជាមួយរជ្ជទាយាទអារ៉ាប់ពាក់ព័ន្ធនឹងគោលនយោបាយស្ដីពីសិទ្ធិមនុស្ស។
អ្នកស្រីEmma Ashford សមាជិកជាន់ខ្ពស់នៅក្រុមប្រឹក្សាអាត្លង់ទិកនិយាយថា៖ «ពេលវេលាចេះតែកន្លងផុតទៅ តែលោក បៃដិន មិនបានធ្វើតាមការសន្យាយុទ្ធនាការរបស់លោកច្រើនទេ ហើយលោកបានជាប់គាំងនៅជាមួយនឹងបញ្ហានៅមជ្ឈិមបូព៌ា និងនៅអាស៊ី»។
ទាំងរដ្ឋបាល ត្រាំនិងបៃដិនត្រូវតែប្រឈមមុខនឹងសំណួរអំពីរបៀបរក្សាការត្រួតត្រាពិភពលោករបស់អាមេរិក ខណៈឥទ្ធិពលចិនកាន់តែពុះកញ្រ្ជោល ហើយរុស្ស៊ីកាន់តែប្រហើនក្លៀវក្លា។ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាល ត្រាំ បានតម្រង់ទិសជាផ្លូវការនូវគោលនយោបាយការបរទេសឆ្ពោះទៅរក «ការប្រកួតប្រជែងអំណាចដ៏អស្ចារ្យ» ជាមួយចិន និងរុស្ស៊ី ហើយនៅឆ្ងាយពីការផ្តល់អាទិភាពដល់ក្រុមភេរវករ និងអ្នកផ្សេងទៀត។ រដ្ឋបាលលោកបៃដិន បានបន្តការជំរុញនោះហើយបញ្ហាខ្លះគឺដោយសារការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។
សេតវិមានក្រោយរដ្ឋបាលលោក បៃដិនបានពន្យារពេលការចេញផ្សាយយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន ដែលរំពឹងទុកនៅដើមឆ្នាំនេះ ហើយពេលនេះមន្ត្រីអាមេរិកកំពុងសរសេរវាឡើងវិញ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។តែការប្រកួតប្រជែងជាមួយមហាអំណាចផ្សេងទៀត ក៏នៅតែជាផ្នែកមួយ ខណៈលោកបៃដិនចាត់ទុកចិនថាជាដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់អាមេរិកហើយរុស្ស៊ីគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខ និងសម្ព័ន្ធមិត្តរបស់អាមេរិក។
អ្នកវិភាគខ្លះនិយាយថា ការបន្តអ្វីដែលមានពីរដ្ឋបាលមុន គឺជាផលិតផលនៃគំនិតធម្មតា និងការគិតជាក្រុមដែលកើតចេញពីការបង្កើតគោលនយោបាយការបរទេសទ្វេភាគីនៅក្រុងវ៉ាស៊ីនតោន។ប៉ុន្តែអ្នកផ្សេងទៀតជំទាស់ថា កាលៈទេសៈខាងក្រៅរួមទាំងអាកប្បកិរិយារបស់រដ្ឋាភិបាលបរទេស មនោសញ្ចេតនារបស់អ្នកបោះឆ្នោតអាមេរិក និងឥទ្ធិពលនៃសាជីវកម្មធ្វើឱ្យមេដឹកនាំអាមេរិកមានជម្រើសតូចចង្អៀត។
ចំពោះការដកទ័ពចេញពីអាហ្វហ្គានីស្ថាន លោក បៃដិន និងលោក ត្រាំ ធ្វើឡើងដើម្បីឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជនអាមេរិកភាគច្រើន ដែលធុញទ្រាន់នឹងសង្គ្រាមអូសបន្លាយ២ទសវត្សរ៍។ ហើយសម្រាប់លោក បៃដិន វាក៏ការបញ្ចប់អ្វីដែលលោកធ្លាប់អំពាវនាវកាលលោកនៅជាអនុប្រធានាធិបតីក្រោមរដ្ឋបាលអូបាម៉ា។
យ៉ាងណាមិញ ទោះបីលោក ត្រាំ និង លោក បៃដិនពេញចិត្តនឹងគោលនយោបាយដែលត្រូវពង្រាយកងទ័ពនៅបរទេសតិចក្ដី ក៏មានការកម្រិតមួយសម្រាប់លោក បៃដិន ដែលបញ្ជាឱ្យបញ្ជូលទ័ពអាមេរិកបន្ថែមទៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងនិងដាក់ពង្រាយទ័ពឡើងវិញនៅស៊ូម៉ាលី ខណៈទ័ពអាមេរិកនៅតែឈរជើងនៅស៊ីរី និងអ៊ីរ៉ាក់។
ប៉ុន្តែបញ្ហាដែលគួរឱ្យចាប់អារម្មណ៍បំផុតខុសពីគោលនយោបាយលោកត្រាំនោះ គឺកិច្ចប្រឹងប្រែងឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោក ត្រាំ បោះបង់ចោលនៅឆ្នាំ ២០១៨។ យ៉ាងណាមិញ លោក បៃដិន នៅតែប្រកាន់ខ្ជាប់ចំពោះការដាក់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក្នុងបញ្ជីអង្គការភេរវករ ដែលជាកេរដំណែលមួយរបស់លោក ត្រាំ ទោះបីវាជាចំណុចមួយដែលធ្វើឱ្យកិច្ចព្រមព្រៀងបន្តជាប់គាំងក្ដី។
ទន្ទឹមនឹងនេះការបន្តគោលនយោបាយរបស់អាមេរិកចំពោះចិនក្នុងរដ្ឋបាលបៃដិន ក៏ត្រូវបានគេមើលឃើញផងដែរ។ ក្នុងនោះរួមមានទាំងការកំណត់លើចិនពីបទចោទប្រកាន់របបប្រល័យពូជសាសន៍លើជនជាតិអ៊ុយហ្គួរ ដែលដាក់ឡើងនៅសម័យលោកត្រាំ និងការបន្តបញ្ជូននាវាកងទ័ពជើងទឹកអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងបង្កើតការលក់សព្វាវុធទៅតៃវ៉ាន់ដើម្បីទប់ទល់នឹងការឈ្លានពានដែលអាចកើតមានពីចិន។
បញ្ហាដែលលេចធ្លោបំផុតនោះ គឺការបន្តដាក់ពន្ធលើទំនិញនាំចូលពីចិន ដែលជាកេរដំណែលលេចធ្លោមួយរបស់លោក ត្រាំ ទោះបីជាអ្នកសេដ្ឋកិច្ច និងមន្ត្រីអាមេរិកកំពូលៗមួយចំនួនចោទសួរពីប្រសិទ្ធភាព និងផលវិបាកវាក្ដី។
យ៉ាងណាមិញ ចំពោះបញ្ហានៅអឹរ៉ុប លោក បៃដិន បានញែកខ្លួនលោកឱ្យដាច់ចេញពីលោក ត្រាំ។លោក ត្រាំ សរសើមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន រិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ)និងដកហូតជំនួយយោធាដល់អ៊ុយក្រែនសម្រាប់ផលប្រយោជន៍នយោបាយក្នុងស្រុកជាដើម។ ផ្ទុយទៅវិញ លោកបៃដិននិងជំនួយការរបស់លោក អះអាងដូចគ្នាអំពីសារៈសំខាន់នៃណាតូ ដែលជួយពួកគេសម្របសម្រួលការដាក់ទណ្ឌកម្ម និងការដឹកជញ្ជូនអាវុធ ដើម្បីសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ភាពផ្ទុយគ្នាដ៏ធំបំផុតរវាងប្រធានាធិបតីត្រាំ និងបៃដិនគឺស្ថិតនៅក្នុងទស្សនៈរបស់អ្នកទាំង២លើលទ្ធិប្រជាធិបតេយ្យ។ខណៈលោកត្រាំសរសើមេដឹកនាំផ្ដាច់ការលោក បៃដិន បានបញ្ចូលការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យជាស្នូលនៃមនោគមវិជ្ជាគោលនយោបាយការបរទេសរបស់លោក។
ប្រភព៖ New York Times