ប្រធានទីភ្នាក់ងារអវកាស៖ រុស្ស៉ីនឹងដកខ្លួនចេញពីគម្រោងស្ថានីយអវកាសអន្តរជាតិ ISS ក្រោយឆ្នាំ២០២៤

ម៉ូស្គូ៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos លោក Yuri Borisov នៅថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា ប្រទេសរបស់លោកនឹងដកខ្លួនចេញពីគម្រោងស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្រោយឆ្នាំ២០២៤ ហើយនឹងចាប់ផ្តើមសាងសង់ស្ថានីយគន្លងគោចរផ្ទាល់ខ្លួនជំនួសវិញ។

នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅឯវិមានក្រឹមឡាំង ក្នុងថ្ងៃអង្គារសប្តាហ៍នេះ លោក Borisov បាននិយាយថា ទីភ្នាក់ងារនឹងផ្តោតលើការសាងសង់ស្ថានីយគន្លងគោចរផ្ទាល់ខ្លួនជំនួសវិញ ហើយយើងក៏មិនភ្លេចអំពីការស្រាវជ្រាវនៅទីអវកាសដែរ ។

លោកបន្តថា រុស្ស៊ីមានបំណងបំពេញកាតព្វកិច្ចរបស់ខ្លួនទាំងអស់ចំពោះដៃគូបរទេស ជាផ្នែកមួយនៃគម្រោង ISS ប៉ុន្តែការសម្រេចចិត្តដកខ្លួនចេញពីស្ថានីយ៍នេះក្រោយឆ្នាំ២០២៤ ត្រូវបានធ្វើឡើង។ លោកបន្ថែមថា ខ្ញុំគិតថា នៅពេលនោះ យើងនឹងចាប់ផ្តើមដាក់ស្ថានីយគន្លងអវកាសរបស់រុស្ស៊ីឲ្យចូលរួមជាមួយគេដែរ។

បើតាមចក្ខុវិស័យរបស់លោក Borisov ការហោះហើរក្នុងលំហអាកាសរបស់រុស្ស៊ី គួរតែជាផ្នែកនៃកម្មវិធីវិទ្យាសាស្ត្រជាប្រព័ន្ធ ដូច្នេះបេសកកម្មនីមួយៗនឹងផ្តល់ចំណេះដឹងថ្មីៗដល់ប្រទេសរុស្ស៊ី។

សូមបញ្ជាក់ថា ស្ថានីយអវកាសអន្តរជាតិ (ISS) ត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ១៩៩៨ ជាកិច្ចប្រឹងប្រែងរួមដោយទីភ្នាក់ងារអវកាសរុស្ស៊ី អាមេរិក ជប៉ុន កាណាដា និងអឺរ៉ុប។ វាត្រូវបានបែងចែកជាផ្នែករុស្ស៊ី និងអាមេរិក ខណៈផ្នែកចុងក្រោយត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងអ្នកចូលរួមផ្សេងទៀតនៃគម្រោងនេះ៕ ប្រភព៖ ស៊ីនហួរ និង RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner