កសិដ្ឋានបង្កាត់ពូជជ្រូកគូលែន និងជ្រូកឦសាន នៅខេត្តសៀមរាបដើម្បីចែកចាយទៅតាមសហគមន៍ កំពុងពេញនិយមបំផុតលើទីផ្សារ

ខេត្តសៀមរាប៖កសិដ្ឋានចិញ្ចឹមពូជជ្រូករបស់ជនជាតិដើមភាគតិចរស់នៅ ខេត្តមណ្ឌលគិរី និងប្រភេទពូជជ្រូកលើខ្នងភ្នំគូលែន ក្នុងភូមិសាស្តខេត្តសៀមរាបត្រូវបានបង្កើតឡើងដើម្បីធ្វើការបង្កាត់ពូជរវាងប្រភេទកូនកាត់ជ្រូកស្រុកនិងជ្រូកព្រៃ មាឌតូច តែមានឱជារសឆ្ងាញ់ពិសារ និងមានទីផ្សារដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន របស់ប្រជាសហគមន៍មូលដ្ឋាន។

គួរបញ្ជាក់ថាកសិដ្ឋានដែលមានឈ្មោះថាចិញ្ចឹសត្វ និង កសិកម្មអភិរក្ស ពូជជ្រូកនេះ ត្រូវបានបង្កើតឡើងស្ថិត នៅ ឃុំ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ជ្រូកពូជដ៏ពិសេសទាំង២ប្រភេទនេះ មានឈ្មោះបោះសម្លេងដែលកំពុងពេញនិយមបំផុតលើទីផ្សារ។

ទាក់ទិនក្នុងរឿងនេះ លោក លាង សេង ទីប្រឹក្សាអមក្រសួងបរិស្ថាន បានឱ្យដឹងថា ការបង្កើតកសិដ្ឋានក្នុងការបង្កាត់ពូជជ្រូកនេះឡើងទើបតែបានជិត៤ខែមកនេះដោយបានធ្វើការជ្រើសរើសពូជជ្រូកមកពីតំបន់ ពូជជ្រូកភ្នំគូលែនឬហៅថាជ្រូកកណ្តុរនិង ពូជជ្រូកឦសាន ដែលជាពូជជ្រូកជនជាតិដើមភាគតិចរស់នៅខេត្តមណ្ឌលគិរី ដើម្បីធ្វើការបន្តពូជ មុនធ្វើការចែកចាយដល់សហគមន៍ដទៃទៀតទុកចិញ្ចឹមសម្រាប់លើកស្ទួយជីវភាពគ្រួសារ។

លោកបានលើកឡើងថា”បច្ចុប្បន្នពូជជ្រូកក្នុងកសិដ្ឋាននេះមានដូចជាពូជជ្រូកព្រៃសុទ្ធ ពូជជ្រូកគូលែនដែលយើងយកពីលើខ្នងភ្នំគូលែន និងពូជជ្រូកឦសានដោយយើងយកមកបង្កាត់ នៅពេលបានកូនមកយើងនឹងបញ្ចេញចែកចាយទៅតាមសហគមន៍។សម្រាប់ការដាក់បង្កាត់ដំបូងនេះមានចំនួន ១០០ក្បាល ដោយក្នុងនេះមានញីចំនួន ៩០ក្បាល និងឈ្មោលចំនួន ១០ក្បាល”។

លោកបានលើកឡើងដោយពន្យល់ផងថា សម្រាប់ទីធ្លាចិញ្ចឹមនេះមានទំហំជាង១ហិកតា ហើយមានបុគ្គលិកប្រចាំការមានពេទ្យសត្វម្នាក់ អ្នកថែទាំ ៤នាក់។គេបានព័ទ្ធរបងវាជុំវិញងាយស្រួលក្នុងការគ្រប់គ្រង។

ទាក់ទិនទៅនឹងប្រភេទពូជជ្រូកនីមួយនេះៗលោកបានធ្វើការពន្យល់ប្រាប់ថា”យើងឥតពិបាកចំណាំទេគឺពូជជ្រូកឦសានគេបានយកមកពី ខេត្តមណ្ឌលគិរី ។ ពូជជ្រូកនេះមានរូបរាងលក្ខណៈពិសេសរបស់វាគឺ ពោះធំ ខ្នងកោង ជាប្រភេទជ្រូកមានកូនច្រើន និងសាច់ឆ្ងាញ់ពិសារណាស់។ជ្រូកប្រភេទនេះវាបន្សាំជាមួយបរិយាកាស និងឈ្នះជំងឺ ។ ចំណែកពូជជ្រូកភ្នំគូលែនវិញ គឺជាពូជលើខ្នងភ្នំគូលែន ដែលចិញ្ចឹមតាំងតែពីដូនតាមករាប់សិបតំណមកហើយ ។ពូជជ្រូកនេះមានលក្ខណៈព៌ណខ្មៅ ដោយមានដងខ្លួនវែង មាត់ស្រួច តែពោះវាមិនធំទេ ។ ពូជជ្រូកនេះសាយកូនច្រើន រស់នៅបន្សាំជាមួយអាកាសធាតុ ហើយវាស៊ាំជាមួយការចិញ្ចឹមលក្ខណៈពាក់កណ្តាលព្រៃនិងពាក់កណ្តាលចិញ្ចឹមដាក់ទ្រុង។

ទាក់ទិនទៅនឹងការបង្កាត់ពូជជ្រូកនេះវិញ ត្រូវបាន លោក លាង សេង ពន្យល់ប្រាប់ថា គឺចិញ្ចឹមបែបលក្ខណៈពាក់កណ្តាលធម្មជាតិពោលគឺ ផ្តល់ជាចំណីបែបធម្មជាតិ ក្នុងនេះមានការផ្សំចេញពីត្រកួន ស្មៅ ដើមចេក កន្ទក់ កាកសណ្តែកសៀង និងម្សៅទ្រីម៉ិចដែលជាម្សៅបែបធម្មជាតិសម្រាប់ដាក់លាយជាមួយដើមចេកឱ្យវាស៊ីពីព្រោះថា ម្សៅនេះជ្រូកវាចូលចិត្តស៊ីណាស់ ។ ប្រភេទជ្រូកនេះត្រូវបានគេពន្លែងឱ្យវាស៊ី បែបលក្ខណៈធម្មជាតិ។ក្រៅពីនេះខាងកសិដ្ឋានក៏មានការបង្កាជំងឺ និងធ្វើការព្យាបាលជំងឺនៅពេលដែលសត្វជ្រូកទាំងអស់ឈឺផងដែរ។ក្រៅពីនេះខាងកសិដ្ខានក៏ការពារនូវរោគជំងឺរោគសាហាវៗដូចជាជំងឺ ត្រចៀកខៀវ ជំងឺប៉េសជ្រូកអាហ្រ្វិក និងជំងឺ អុតក្តាមជាដើម។

ជុំវិញការបង្កើតកសិដ្ឋាន បង្កាត់ពូជជ្រូកនេះត្រូវបាន លោកទីប្រឹក្សាអមក្រសួងបរិស្ថានអះអាងប្រាប់ថា ធ្វើឡើងបន្ទាប់ពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យបង្កើតកសិដ្ឋាននេះឡើងដើម្បីទុកធ្វើការបង្កាត់ពូជជ្រូកចែកចាយដល់សហគមន៍មូលដ្ឋាន ។

ទាក់ទិនទៅនឹងពូជជ្រូកនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានដែលបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទីកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកមួយនេះកាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ពូជជ្រូកទាំងនេះ មានរសជាតិឆ្ងាញ់ពិសារ ។ វាជាប្រភេទជ្រូកកាត់ជ្រូកព្រៃនិងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០ភាគរយដែលពលរដ្ឋនៅតាមតំបន់ធម្មជាតិនានាបានចិញ្ចឹម និងព្រលែងឱ្យរកស៊ីតាមធម្មជាតិក្នុងព្រៃ។ ទោះវារស់នៅក្នុងព្រៃក៏ពិតមែន តែជាមួយការបន្សាំ ជ្រូកខ្លះសាំងនឹងមនុស្ស។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថាបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងជំរុញប្រជាសហគមន៍តំបន់ការពារធម្មជាតិលើការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុកនិងជ្រូកព្រៃ មាឌតូច តែមានឱជារសនិងមានទីផ្សារដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលជូនពលរដ្ឋ បង្កើតការងារដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner