ចុងសប្ដាហ៍ទី១ខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរជាង២៤ម៉ឺននាក់

ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២២ ដែលមានភ្ញៀវសរុប២៤៦,១៩៥នាក់ ក្នុងនោះភ្ញៀវជាតិ២២៤,៩៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២១,២០២នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • ខេត្តសៀមរាប ៣៩,៩៧៩នាក់
  • ខេត្តព្រះសីហនុ ៣៣,៨៣៧នាក់
  • ខេត្តកំពត ៣៣,៤៦១នាក់
  • ខេត្តកែប ២០,០៥៧នាក់
  • ខេត្តបាត់ដំបង ១៩,៦៨៨នាក់
  • រាជធានីភ្នំពេញ ១៨,៧៣៤នាក់
  • ខេត្តកំពង់ស្ពឺ ១២,១៩៩នាក់
  • ខេត្តពោធិ៍សាត់ ១១,៩៩៩នាក់
  • ខេត្តកណ្តាល ១១,០៨៥នាក់

តួលេខខាងលើ មានការកើនឡើងប្រមាណ១១.៤៣% ធៀបនឹងសប្តាហ៍កន្លងមក។

សប្តាហ៍កន្លងមក គឺជាសប្តាហ៍ដ៏មមាញឹកមួយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន អាស៊ានបូក និងដៃគូអាស៊ាន។ នាឱកាសនោះ រដ្ឋមន្រ្តីការបរទេសអាស៊ានមួយចំនួន និងភរិយារដ្ឋមន្រ្តីការបរទេសអាសាន អាស៊ានបូក និងដៃគូ បានឆ្លៀតឱកាសធ្វើទស្សនកិច្ចនៅតំបន់មួយចំនួន ពិសេសតំបន់សៀមរាប-អង្គរ។

ទន្ទឹមនឹងនេះ នាសប្តាហ៍កន្លងមក នៅខេត្តសៀមរាបមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗមួយចំនួន ដែលរៀបចំដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ រួមមាន ទី១. ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរលើកទី៧ នៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមប្រមាណ២,១០០នាក់ ក្នុងនោះមានបរទេសមកពីក្រៅស្រុកជិត១០០នាក់ និងបរទេសក្នុងស្រុកប្រមាណ៣០០នាក់។ ទី២. ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រយៈពេល៤ថ្ងៃ និងទី៣. ការប្រកួតវាយកូនហ្គោល Angkor Four Ball Championship រៀបចំឡើងដោយ Angkor Resort Golf Club៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner