ជំនន់ទឹកភ្លៀងដ៏អាក្រក់នៅកូរ៉េខាងត្បូង ឆក់យកជីវិតមនុស្ស៩នាក់ និង ៦នាក់ទៀតកំពុងបាត់ខ្លួន

សេអ៊ូល៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្តាហ៍នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ ដោយអ្នកខ្លះលង់ទឹកនៅក្នុងផ្ទះរបស់ពួកគេ និង ៦នាក់ទៀតកំពុងបន្តបាត់ខ្លួន ជាមួយនឹងការព្យាករណ៍មានភ្លៀងធ្លាក់ថែមទៀត។ ជំនន់ទឹកភ្លៀងបានកើនលើសពី ៤៥សង់ទីម៉ែត្រ ដែលត្រូវបានវាស់វែងនៅក្នុងសង្កាត់ Dongjak ដែលរងគ្រោះខ្លាំងបំផុតក្នុងទីក្រុងសេអ៊ូល ចាប់ពីថ្ងៃចន្ទ ដល់ល្ងាចថ្ងៃអង្គារសប្តាហ៍នេះ។

ទឹកភ្លៀងនៅតំបន់នោះ កើនលើសពី ១៤ សង់ទីម៉ែត្រក្នុងពេលមួយម៉ោងនៅចំណុចមួយកាលពីយប់ថ្ងៃចន្ទ ដែលជាការធ្លាក់ភ្លៀងខ្ពស់បំផុតក្នុងពេលមួយម៉ោង ដែលបានវាស់វែងនៅទីក្រុងសេអ៊ូលចាប់តាំងពីឆ្នាំ ១៩៤២។

រថយន្ត និងឡានក្រុងដែលត្រូវបានបោះចោលត្រូវបានគេឃើញរាយប៉ាយនៅតាមដងផ្លូវ ខណៈដែលកម្ពស់ទឹកបានស្រកចុះនៅថ្ងៃអង្គារម្សិលមិញ។ កម្មករបានឈូសឆាយដើមឈើ ភក់ និងកម្ទេចកម្ទីដោយគ្រឿងចក្រអេស្កាវ៉ាទ័រ ហើយបិទផ្លូវដែលបាក់។

ការព្រមានអំពីការរអិលបាក់ដីត្រូវបានធ្វើឡើងក្នុងទីក្រុងជិត ៥០ ហើយផ្លូវឡើងភ្នំចំនួន ១៦០ ក្នុងទីក្រុងសេអ៊ូល និងខេត្តកាងវ៉ុន ដែលជាភ្នំត្រូវបានបិទ។ ក្រុមសង្គ្រោះបន្ទាន់បានធ្វើការពេញមួយយប់ ដើម្បីស្តារសេវារថភ្លើងក្រោមដីភាគច្រើនឡើងវិញនៅព្រឹកថ្ងៃអង្គារម្សិលមិញ។

ផ្លូវដែលតភ្ជាប់ទីក្រុងភាគខាងជើងនៃទីក្រុងសេអ៊ូល ត្រូវបានបិទជាបណ្តោះអាសន្ន មុនពេលបើកឡើងវិញនៅល្ងាចថ្ងៃអង្គារម្សិលមិញ ខណៈដែលជំនន់ទឹកភ្លៀងនៅតែបន្តជន់លិចស្ថានីយ៍មួយចំនួន។ ដោយឡែកផ្លូវរាប់សិបកន្លែង រួមទាំងផ្លូវល្បឿនលឿនសំខាន់ៗនៅជិតទន្លេ ហាន ត្រូវបានបិទ ដោយសារតែការកើនឡើងកម្រិតទឹក ឬទឹកជំនន់៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner