ក្រុង​ម៉ូស្គូ​​ច្រាន​ចោល​ការ​អំពាវ​នាវ​របស់លោក​​ ហ្សេលេនស្គី​ ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​លើ​ជន​ជាតិ​រុស្ស៊ី ​

​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ឌ្មីទ្រី​ ប៉េស្កូវ និយាយ​ថា​ សំណើ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ៉ូឡូឌីមៀរ ហ្សេលេនស្គី​​ក្នុងការ​បិទ​ការ​ធ្វើ​ដំណើរ​លើ​ជន​ជាតិ​រុស្ស៊ី​ទាំង​អស់​ ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​ មាន​លក្ខណៈ​ហួស​ហេតុ​ពេក​​​ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជះ​ផល ​«​អវិជ្ជមាន​យ៉ាង​ខ្លាំង​»​ លើ​ទី​ក្រុង​ម៉ូស្គូ​។ ​

ការ​និយាយ​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ហ្សេលេនស្គី​ ប្រាប់​កាសែត​វ៉ាស៊ីនតោន​បុស្តិ៍​ថា ​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ប្រឆាំង​នឹង​ទីក្រុង​ម៉ូស្គូ​នា​ពេល​បច្ចុប្បន្ន​ គឺ​ខ្សោយ​ពេក​ ដោយ​បន្ថែម​ថា ​លោក​ខាង​លិច​គួរ​តែ​បិទ​ព្រំដែន​របស់​ខ្លួន​មិន​ឱ្យ​ជន​ជាតិ​រុស្ស៊ី​ចូល​។

​លោក Peskov និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «​ភាព​មិន​សម​ហេតុ​ផល​នៃ​ការ​គិត​ក្នុង​ករណី​នេះ​ គឺ​វា​ហួស​ហេតុ​»​។ លោក​បន្ថែមថា៖«​ការ​ប៉ុន​ប៉ង​ណា​មួយ​ ដើម្បីផ្ដាច់​​ប្រជាជន​រុស្ស៊ី ​ឬ​រុស្ស៊ី​ឱ្យ​នៅ​​ឯកោ​ គឺ​ជា​ដំណើរ​ហួស​ពី​ការ​នឹង​ស្មាន​​»​។

អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក​Dmitry​ Medvedev ​ហៅ​លោក​ ហ្សេលេនស្គី​​ថា​ជា​«​ត្លុក​កំប្លែង​អ៊ុយក្រែន​ដ៏​អស្ចារ្យ​បំផុត​»​ ហើយ​ថែម​ទាំង​​ប្រៀប​ធៀប​លោក​ទៅ​នឹង​មេ​ដឹក​នាំ​ផ្តាច់​ការ​ណាស៊ី​ អាល់ដុល ហ៊ីត្លែរ​ ​ចំពោះ​ការ​ស្នើ​របស់លោក​។

យ៉ាង​ណា​មិញ​ ប្រទេស​ជិត​ខាង​រុស្ស៊ី​ ​​ហ្វាំង​ឡង់​កាល​ពី​សប្តាហ៍​មុន​ បាន​ចេញ​ផែនការ​កំណត់​ទិដ្ឋាការ​ទេសចរណ៍​សម្រាប់​ជន​ជាតិ​រុស្ស៊ី ​ប៉ុន្តែ​ក៏​បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​សម្រាប់​ការ​សម្រេច​ចិត្តនៅ​​កម្រិត​សហភាព​អឺរ៉ុប​លើ​បញ្ហា​នេះ​។​

​ទន្ទឹម​នឹង​នោះ​ នាយក​​រដ្ឋ​មន្ត្រី​​អេស្តូនី​ លោក​ស្រី​KajaKallas​បាន​​និយាយ​​​ថា​ វា​​ជា​​ពេល​​វេលា​​ដើម្បី​​បញ្ចប់​​វិស័យ​​ទេសចរណ៍​​ពី​​​​រុស្ស៊ី​។​លោក​ស្រី​និយាយ​ថា​៖ ​«​​ការ​​ទៅ​​លេង​​អឺរ៉ុប​​គឺ​ជា​​ឯកសិទ្ធិ​​មួយ​ មិន​​មែន​​ជា​​សិទ្ធិ​​មនុស្ស​​ទេ​»។​

ខណៈ​ដែល​មន្រ្តី​រុស្ស៊ី​ប្រៀប​ធៀប​ការ​ចង់​បាន​របស់​លោក​ ហ្សេលេនស្គី​ ទៅ​នឹង​អ្វី​ដែល​កើត​ឡើង​ក្នុង​អំឡូង​សង្រ្គាម​លោក​លើក​ទី​២​ «ប្រតិបត្តិ​ការ​យោធា​ពិសេស​» របស់​ទីក្រុង​ម៉ូស្គូ​នៅ​អ៊ុយក្រែន​មក​ទល់​ពេល​នេះ​ បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ បង្ខំ​មនុស្ស​រាប់​លាន​នាក់​ឱ្យ​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​ និង​ធ្វើ​ឱ្យ​មាន​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ទូទាំង​ពិភពលោ​ក​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner