ត្រាំ​ ប្រើ​ការ​ឆែក​ឆេរ​​របស់​FBI ​ដើម្បី​សុំ​ការ​បរិច្ចាគ​លើ​យុទ្ធនាការ​នយោបាយ​ ខណៈ​បក្ស​សាធារណៈ​រដ្ឋ​រិះ​គន់​ FBI

អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ព្យាយាម​បង្វែរ​ព័ត៌មាន​ដែល​ថាការិយា​ល័យ​​ស៊ើប​​អង្កេត​​សហព័ន្ធ​​(FBI)បាន​ឆែក​ឆេរ​ផ្ទះ​របស់​លោក​នៅ​រដ្ឋ​ផ្លរីដា​ ក្រោម​«ហេតុ​ផល​នយោបាយ​» ដោយ​លើក​ឡើង​ពី​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​សារ​ជា​អក្សរ​ និង​អ៊ីមែល​​ ដែល​ប្រើ​ដើម្បី​​​ស្នើ​សុំ​ការ​បរិច្ចាគ​សម្រាប់​យុទ្ធនាការ​នយោបាយ​ពី​អ្នក​គាំទ្រ​របស់​​លោក​។

ការ​ឆែក​ឆេរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ គឺ​ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ភាព​ដុត​ដៃ​ជើង​របស់​សហព័ន្ធ​ក្នុង​ការ​ស៊ើប​អង្កេត​លោក​ត្រាំ​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ នាំ​យក​កំណត់​ត្រា​ប្រធានាធិបតី​ពី​សេតវិមាន​ ដែល​រួម​បញ្ចូល​ទាំង​ឯកសារ​សង្ងាត់​ ដោយ​ខុសច្បាប់​ ក្រោយ​លោក​អស់​ពី​ដំណែង​កាល​ពី​ខែ​មករា​ឆ្នាំ​មុន​។ វា​ធ្វើ​ឡើង​ ខណៈ​អតីត​ប្រធានាធិបតី​រូប​នេះ​ ចង់​ឈរ​ឈ្មោះ​មក​ទៀត​នៅ​ការ​បោះឆ្នោត​ឆ្នាំ​ ២០២៤​។ ​

លោក​ ត្រាំ​ ហៅ​ការ​ចុះ​ឆែក​ឆេរ​ដោយ​មិន​ជូន​ដំណឺង​ថា​ជា​ការ​ «វាយ​ឆ្មក់​មិន​សម​រម្យ​» ដោយ​ព្យាយាម​លាប​ពណ៌​វា​ថា​ជា​សកម្មភាព​នយោបាយ​របស់​រដ្ឋបាល​​ប្រធានាធិបតី​ ចូ​ បៃដិន​ ដែល​ត្រៀមខ្លួន​​សម្រាប់​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​ខែ​វិច្ឆិការ​ខាង​មុខ​នេះ​ ដើម្បី​រាំង​លោក​ពីការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឆ្នាំ​​ ២០២៤។

តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ លោក ត្រាំ​ និយាយ​​ក្នុង​អ៊ីមែល​រៃ​អង្គាស​ប្រាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «​ពួក​គេ​កំពុង​ព្យាយាម​បញ្ឈប់​គណបក្ស​សាធារណរដ្ឋ​ និង​ខ្ញុំ​​សារ​ជា​ថ្មី​។ ​ភាព​គ្មាន​ច្បាប់​ ការ​បៀត​បៀន​នយោបាយ​ និង​​ការ​ឆែក​ឆេរ​ផ្ទះ​លោក​ដូច​លោក​ជា​មេ​​ធ្មប់​​​ត្រូវ​តែ​លាត​ត្រដាង​ និង​បញ្ឈប់​»។​

លោក ត្រាំ ចាប់​ផ្ដើម​បង្កើត​​​គណៈ​កម្មាធិការ​សកម្មភាព​នយោបាយ ​Save America ​របស់​លោក​​ បន្ទាប់​ពី​ចាញ់​លោក​ បៃដិន ក្នុង​ការ​​បោះ​​ឆ្នោត​​ឆ្នាំ​ ២០២០ដែល​មក​ទល់​ពេល​ឥឡូវ​ មូល​និធិ​នេះ​រ៉ៃ​អង្គាស​បាន​ប្រាក់​ប្រមាណ​ជាង​ ១០០ លាន​ដុល្លារ​។

សម្ព័ន្ធ​មិត្ត​ក្នុង​បក្ស​​សាធារណៈ​រដ្ឋ​របស់​លោក​ ត្រាំ​ នៅ​ក្នុង​សភា​ បាន​ប្តេជ្ញា​ថា​នឹង​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​លើ​ការ​ឆែក​ឆេរ​ផ្ទះ​លោក​ត្រាំ​​ដោយ​ខ្លួន​ឯង​ ប្រសិន​បើ​ពួក​គេ​ដណ្តើម​បាន​ការ​គ្រប់​គ្រង​ឡើង​វិញ​នៃ​សភា​ ឬ​ព្រឹទ្ធ​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​វិច្ឆិកា​។​​

ការ​​ឆែក​ឆេរ​របស់​ FBI កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ រហូត​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ ពី​សំណាក់​អ្នក​គាំទ្រ​លោក​ ត្រាំ​ នៅ​មុខ​ផ្ទះ​ដែល​ FBI សម្រុក​ចូល​។ លើស​ពីនោះ​ វា​ក៏​ទាក់​ទាញ​ការ​រិះ​គន់​ពី​អ្នក​នយោបាយ​បក្ស​សា​ធារណៈរដ្ឋដែល​ហៅ​សកម្មភាព​របស់​ FBI ថា​ជា​ «ការ​​វាយ​​ប្រហារ​​នយោបាយ​​​» ហើយ​​លោក​ ត្រាំ​ ត្រូវ​បាន​គេ​ដាក់​គោលដៅ​ដោយ «​អយុត្តិធម៌»។​

អតីត​អនុប្រធានាធិបតី​របស់​លោក​ ត្រាំ​ លោក​​Mike Pence សរសេរ​​នៅ​​លើ​​បណ្ដាញ​​សង្គម​​ធ្វីតធឺរ​​ថា​​​៖​ «​​ខ្ញុំ​ចែក​រំលែក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​ប្រជាជន​អាមេរិក​រាប់​លាន​នាក់​ ចំពោះ​ការ​ឆែក​ឆេរ​ផ្ទះ​ឯកជន​របស់​លោក​ប្រធានាធិបតី​ ត្រាំ​ ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ​គ្មាន​​អតីត​​ប្រធានាធិបតី​​អាមេរិក​​ណា​​ម្នាក់​ ​ត្រូវ​​រង​​ការ​​វាយ​ឆ្មក់​​លើ​ផ្ទះ​របស់​ខ្លួន​​​ក្នុង​​ប្រវត្តិ​សាស្ត្រ​​អាមេរិក​​ឡើយ​»​។

​មេ​ដឹក​នាំ​គណបក្ស​សាធារណ​រដ្ឋ​របស់​ព្រឹទ្ធសភា​អាមេរិក​ លោក​Mitch McConnell ​​ប្រតិកម្ម​ទៅ​នឹង​សកម្មភាព​របស់​ FBI ថា ​ប្រទេស​នេះ​សម​នឹង​ទទួល​បាន​«​ការ​ពន្យល់​យ៉ាង​ម៉ត់​ចត់​ និង​ភ្លាម​ៗ​»​​ អំពី​អ្វី​ដែល​នាំ​ទៅ​ដល់​ការ​ឆែក​ឆេរ​»។ ​លោក​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «អគ្គ​មេធាវី​Garland ​និង​នាយកដ្ឋាន​យុត្តិធម៌​ គួរ​តែ​​​ផ្តល់​ចម្លើយ​ដល់​ប្រជាជន​អាមេរិក​​ហើយ​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ភ្លាម​ៗ​»​។

លោក​Kevin McCarthy ​មេ​ដឹក​នាំ​ក្រុម​ភាគ​តិច​នៃ​សភា​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​ខ្ញុំ​ឃើញ​ឆ្អែត​ឆ្អន់​ហើយ​។ក្រសួង​យុត្តិធម៌​បាន​ឈាន​ដល់​ស្ថានភាព​ ដែល​មិន​អាច​អត់​អោន​​តាម​រយៈ​ការ​យក​ការ​ធ្វើ​នយោបាយ​កម្ម​ធ្វើ​អាវុធ​»។​ ​

ប៉ុន្តែ​ប្រធាន​សភា​លោក​ស្រី​ណាស៊ី​ ប៉េឡូស៊ី​ ​ច្រាន​ចោល​នូវ​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បែប​នេះ​ ដោយ​និយាយ​ថា​៖ «​​គ្មាន​នរណា​ម្នាក់​អាច​នៅ​ពី​លើ​ច្បាប់​បាន​​ទេ​គ្មាន​សូម្បី​តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឬ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​»។

​ក្រសួង​យុត្តិធម៌​ និង​FBI ​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ឬ​សូម្បី​តែ​បញ្ជាក់​យ៉ាង​ណា​ទេ​ ពី​ការ​ឆែក​ឆេរ​​កាល​ពី​ថ្ងៃ​ចន្ទ​។ រឿង​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ថា​ ​FBI ​មិន​​អាច​​ធ្វើ​​​សកម្ម​ភាព​​បែប​នេះ​បាន​ដោយ​​គ្មាន​​ការ​​យល់​ព្រម​​ពី​​ចៅក្រម​​ដែល​​បញ្ជាក់​​​ថា​​មាន​​មូល​ហេតុ​​ដែល​​អាច​​នឹង​​កើត​​ឡើង​​នោះ​​ឡើង​។

​អ្នក​ជំនាញ​ផ្នែក​ច្បាប់​និយាយ​ថា​ សំណើ​នៃ​ការ​ឆែក​ឆេរ​ ​អាច​ប្រាកដ​ជា​​ត្រូវ​បាន​អនុម័ត​ដោយប្រធាន​FBI ​លោក ​Christopher Wray ​ដែល​លោក​ ត្រាំ​ តែង​តាំង​ ​និង​ចៅហ្វាយ​របស់​លោក​ គឺ​លោក​អគ្គមេធាវី​​Merrick Garland ​ដែល​លោក​ បៃដិន​ តែង​តាំង​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ​។

ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ មន្រ្តី​សេតវិមាន​និយាយ​ថា​ ​លោក​បៃដិន​មិន​ត្រូវ​បាន​ផ្តល់​ការ​ជូន​ដំណឹង​ជា​មុន​អំពី​ការ​ឆែក​ឆេរ​នោះទេ​។​​​​ អ្នក​នាំ​ពាក្យ​សេតវិមាន​លោក​ស្រី​Karine Jean-Pierre ​ប្រាប់​អ្នក​យកព័ត៌មាន​ថា​ គ្មាន​នរណា​ម្នាក់​នៅ​សេតវិមាន​ត្រូវ​បាន​ជូន​ដំណឹង​ឡើយ​ ​ប៉ុន្តែ​លោក​ បៃដិន​ ​​ជឿ​ជាក់​ថា​ ការ​ស៊ើប​អង្កេត​របស់​ក្រសួង​យុត្តិធម៌​គួរ​តែ​«​គ្មាន​ឥទ្ធិពល​នយោបាយ​»​ ពាក់​ព័ន្ធ​។

​FBI ​មិន​បាន​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​កំពុង​តាម​រក​អ្វី​ទេ​ក្នុង​អំឡុង​ពេល​ឆែក​ឆេរ​ ប៉ុន្តែ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​សហរដ្ឋ​អាមេរិក​ជា​ច្រើន រួម​ទាំង​កាសែត​ញូវយ៉ក​ថែមស៍​ ​​បាន​​ដក​​ស្រង់​​ប្រភព​​មិន​​​បញ្ចេញ​​ឈ្មោះ​​​ ដែល​ថា​​ ​FBI កំពុង​តាម​រក​ឯក​សារ​សម្ងាត់​ដែល​លោក​ត្រាំ​យក​ទៅ​ជាមួយទៅ​រីសត​​Mar-a-Lago ដែល​ត្រូវ​បាន​ឆែក​ឆេរ​។ ​

លោក ត្រាំ​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​ជា​ច្រើន​ រួម​ទាំង​ការ​ស៊ើប​អង្កេត​នៅ​ទីក្រុង​ញូវ​យ៉ក​ លើ​ការ​អនុវត្ត​អាជីវកម្ម​របស់​លោក​ និង​សវនាការ​សាធារណៈ​ដោយ​គណៈកម្មាធិការ​សភា​ ដែលត្រួត​​ពិនិត្យ​លើ​ព្រឹត្តិការណ៍​​វាយ​ប្រហារ​វិមាន​កាពីតូល​ ពី​សំណាក់​អ្នក​គាំទ្រ​របស់​លោក នៅ​​ថ្ងៃ​ ៦ មករា​ ឆ្នាំ ២០២១។  ​

ការ​ឆែក​ឆេរ​កាល​ពី​ថ្ងៃ​ចន្ទ​ ​​គ្រាន់​តែ​ជា​ជំហាន​ស៊ើប​អង្កេត​ប៉ុណ្ណោះ ​ហើយ​មិន​មាន​ន័យ​ថា​លោក​ ត្រាំ​​​នឹង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ព្រហ្ម​ទណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ​ ឬ​ថា​លោក​នឹង​ត្រូវ​រក​ឃើញ​ថា​មាន​កំហុស​ក្នុង​អំពើ​ខុស​ឆ្គង​ណា​មួយ​នោះ​ទេ​។​

យ៉ាង​ណាមិញ​ វា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ក្នុង​ការ​លាក់​បាំង​ ឬ​បំផ្លាញ​កំណត់​ត្រា​​រដ្ឋាភិបាល តាម​ច្បាប់​​​កំណត់​ត្រា​រដ្ឋាភិបាល។​ ជន​ណា​ម្នាក់​ដែលរំលោភ​លើ​ច្បាប់​នេះ ​​​ត្រូវ​​ទទួល​​ទោស​​​សំខាន់​​ៗ​​​ ដែល​​រួម​មាន​ ការ​​ផាក​​ពិន័យ​​ ការ​ដាក់​​ពន្ធនាគារ ​និង​ជា​ពិសេស​គឺ​ការ​ដក​សិទ្ធិ​ក្នុង​ការ​កាន់​តំណែង​បច្ចុប្បន្ន​ ឬ​អនាគត​។

ខណៈ​អ្នក​នយោបាយ​បក្សសាធារណៈរដ្ឋ​ និង​អ្នក​គាំទ្រ​លោក​ ត្រាំ​ ខឹង​សម្បារ​ និងរិះ​គន់​ការ​ឆែកឆេរ​របស់​ FBI អ្នក​នយោបាយ​បក្ស​ប្រជាធិបតេយ្យ​បាន​សារទ​នឹង​ចំណាត់​ការ​ ហើយ​ផ្ដោត​លើ​ការ​វាយ​ប្រហារ​ លើ​​​ការ​ប្រព្រឹត្ត​ខុស​ដែល​អាច​កើត​មាន​ដោយ​លោក​ត្រាំ​ដោយ​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត​។​

​លោក​ស្រី​Carolyn Maloney ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ និង​កំណែ​ទម្រង់​ និយាយក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​​ថា​៖ «​ប្រធានាធិបតី​មាន​កាតព្វកិច្ច​ដ៏​ឧឡារិក​ ក្នុង​ការ​ការពារ​សន្តិសុខជាតិ​របស់​អាមេរិក​ ហើយ​ការ​ចោទ​ប្រកាន់​ថា​អតីត​ប្រធានាធិបតី​ ត្រាំ​​ធ្វើ​ឱ្យ​សន្តិសុខ​របស់​យើង​ប្រឈម​នឹងហា​និភ័យ​ដោយ​ការ​ការ​គ្រប់​គ្រង់​ព័ត៌មាន​សម្ងាត់​មិន​បាន​ល្អ​ ​​ត្រូវ​ធានា​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ខ្ពស់​បំផុត​»។ ​

ចំណែក​សមាជិក​សភាបក្ស​លោក​ស្រី​​Pramila Jayapal ​សរសេរ​នៅ​លើ​ធ្វីតធឺរ​​ថា​៖ «​នោះ​ជា​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​អ្នក​បំពាន​ច្បាប់​ ព្យាយាម​លួច​ការ​បោះ​ឆ្នោត​ និង​ញុះ​ញង់​ឱ្យ​មាន​ការ​បះបោរ​ដ៏​សាហាវ​។លោក​ ដូណាល់​ ត្រាំ​គួរ​តែ​នៅ​ក្នុង​ពន្ធនាគារ​។​ ខ្ញុំ​រីក​រាយ​ដែល​ឃើញ​FBI ​ចាត់​វិធាន​ការ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​ខុស​ត្រូវ​»​។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ លោក​ ត្រាំ នៅ​តែ​ជា​​សំឡេង​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​គណបក្ស​សាធារណ​រដ្ឋ​ ហើយ​អ្នក​សង្កេតការណ៍​​និយាយ​ថា​ ការ​ឆែក​ឆេរ​របស់​FBI ​​អាច​ជំរុញ​ជំហរ​របស់​លោក​ ជាមួយ​នឹង​អ្នក​បោះ​ឆ្នោត​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ដោយ​សារ​តែ​វា​មើល​ទៅ​ហាក់​ដូច​មាន​លក្ខណៈ​នយោបាយ​ហួស​ហេតុ​ ស្រប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា​ លោក​ត្រាំ​ត្រូវ​បាន​គេ​ដាក់​គោល​ដៅ​ដោយ​អយុត្តិ​ធម៌​។ ​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner