ស្ថានីយបង្កាត់ពូជត្រីឬមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើ នៅខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ស្ទឹងត្រែង៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកស្រី Maryam Salim នាយិកាធនាគារពិភពលោក ប្រចាំកម្ពុជា និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នារសៀល ថ្ងៃទី ១០ ខែសីហាឆ្នាំ២០២២ បានអញ្ជើញ សម្ពោធដាក់ឲ្យ ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វ មេគង្គលើ ។

ក្នុងឱកាសនេះឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានចូលរួម និងផ្តល់កិច្ចសហការជា មួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍវិស័យ កសិកម្មទទួលបានលទ្ធផលគួរជាទីមោទន និងក៏បានថ្លែង អំណរ គុណចំពោះលោកស្រី Maryam Salim ដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាសក្ខីភាព ធនាគារពិភពលោកបានគាំទ្រដល់ការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ដំណាក់កាលទី៣ សមាសភាគទី១ នៅក្នុងខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង។

ឯកឧត្តមបន្តថា ការកសាងមជ្ឈមណ្ឌលនេះ ស្របពេលដែលរដ្ឋបាល ជលផលត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសាន រួមមាន៖ ខេត្តស្ទឹងត្រែង ,ក្រចេះ, មណ្ឌលគិរី, រតនគិរី និង ខេត្តព្រះវិហារ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត ជាតិអភិវឌ្ឍន៍ វារីវប្បកម្មឆ្នាំ២០១៦- ២០៣០ និងផែនការអភិវឌ្ឍន៍វិស័យ កសិកម្ម ឆ្នាំ២០២២-២០៣០ផងដែរ។ក្នុងស្ថានភាពដែលពិភពលោក កំពុង ជួបវិបត្តិស្បៀងអាហារ ដោយសារសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន មជ្ឈមណ្ឌលនេះ ប្រាកដជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ធានាសុវត្ថិភាពស្បៀង តាមរយ:ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ និងការធ្វើវារីវប្បកម្មដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុង និងក្រៅតំបន់។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនឹងដើរតួនាទីផលិត និងផ្សព្វផ្សាយពូជ វារីសត្វ ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម កន្លែងបង្កាត់ និងអភិរក្សពូជវារីសត្វ ឆ្លើយតបបានទាន់ពេលវេលា និងតម្រូវការជា ចាំបាច់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធាន ជលផលនៅតំបន់ទន្លេមេគង្គលើឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្ដ្រីសងឹ្ឃម និងជឿជាក់យ៉ាងមុតមាំថាមជ្ឈមណ្ឌល នេះនឹងបំពេញតួនាទីជាសេនាធិការផ្សព្វផ្សាយបច្ចេកទេស និង ពូជវារីសត្វរបស់រដ្ឋបាលជលផលថ្នាក់តំបន់ក្នុងភូមិភាគឦសាន ហើយរំពឹងថានាពេលអនាគតដ៏ខ្លីអនុវិស័យវារីវប្បកម្មនៅតំបន់នេះនឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាន និងធ្វើឲ្យជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនឹងត្រូវបានលើក កម្ពស់ ឲ្យកាន់តែល្អប្រសើរជាលំដាប់ និងរក្សា ការពារ និងបង្កើតពូជត្រី កម្រ និងជិតផុតពូជឲ្យមានក្នុងអាង បឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះ ឡើងវិញ។
ឯកឧត្តមរដ្ឋមន្ដ្រីបានសំណូមពរដល់ធនាគារពិភពលោក អាជ្ញាធរខេត្ត ស្រុក កងកម្លាំងទាំងបី ក្រសួងស្ថាប័នពាក់ព័ន្ធមេត្តាបន្តជួយផ្តល់ កិច្ចសហការដើម្បីឲ្យមជ្ឈមណ្ឌលដំណើរការមុខងាររបស់ខ្លួនប្រកបដោយនិរន្តរភាព និងទទួលបានជោគ ជ័យដូចដែលយើងគ្រោងទុក។

យោងតាមរបាយការណ៍របស់ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋា ភិបាល កម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឲ្យដឹងថា នៅឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានសម្រេចទទួលយកប្រាក់កម្ចីពី ធនាគារ ពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី “ការគ្រប់គ្រង ធនធានទឹកចម្រុះទន្លេមេគង្គ” ដំណាក់កាលទី៣ ក្នុងនោះរដ្ឋបាល ជលផលទទួលអនុវត្តសមាសភាគទី១ ផ្តោតលើការគ្រប់គ្រង ធនធានជលផល និងវារីសត្វ នៅភូមិភាគឦសាន ហើយសមិទ្ធផល ដែលនឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះគឺជាផ្នែកមួយនៃគម្រោងដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។

គួររំលឹកថា ទីតាំងមជ្ឈមណ្ឌលនេះ ដើមឡើយកន្លែងនេះស្ថិតក្រោមការ គ្រប់គ្រងរបស់អង្គការ Indo-China អនុវត្តកម្មវិធីគាំទ្រដល់ អតីត យុទ្ធជនពិការ តាមរយៈការស្តារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ការធ្វើសិប្បកម្ម ការដាំដុះ ការចិញ្ចឹមសត្វ និងត្រី។បន្ទាប់ពីកម្មវិធី ត្រូវបានបញ្ចប់ទីតាំងដីនេះត្រូវបានផ្ទេរជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងវិញ។ ដោយមានការអនុញ្ញាត ពីឯកឧត្តម រដ្ឋមន្ត្រី និងការគាំទ្រ ថវិការពីគម្រោងខាងលើ មជ្ឈមណ្ឌលស្ថិត ក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេ សាន ចាប់ផ្តើមសាងសង់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងែទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្ទៃដីសរុប ១០,៤ហិកតា ចំណាយថវិកាសរុបចំនួន ១ ៧៥០២៥២ដុល្លារអាមេរិក។
មជ្ឈមណ្ឌលមានស្រះសរុបចំនួន ២៤ ក្នុងនោះស្រះស្តុកទឹកធំ ១ ស្រះកូនត្រី ១២ ស្រះបំប៉នត្រីសាច់បួន ស្រះត្រីមេពូជប្រាំមួយ ស្រះចម្រោះ ទឹកកខ្វក់ និងផ្ទុកកាកសំណល់មួយ និងមានប្រព័ន្ធ ប្រឡាយបញ្ចេញ-បញ្ចូលទឺក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មាន អគារសម្រាប់ ការងារពិសោធន៍ស្រាវជ្រាវ បណ្តុះបណ្តាល ការិយាល័យ បណ្ណាល័យ អាងបង្កាត់-ភ្ញាស់ និងថែបំប៉នកូនត្រីពូជ ប្រាំមួយ អគារស្នាក់នៅមន្ត្រីរាជការ និស្សិត និងកម្មករ ឃ្លាំងស្តុកសម្ភារ ចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និងបណ្តាញអគ្គិសនី ចំណត រថយន្ត របង រោងយាម និងអណ្តូងទឹកស្អាត។

មជ្ឈមណ្ឌលមានការិយាល័យចំនួនបី គឺការិយាល័យរដ្ឋបាល ការិយាល័យ បច្ចេកទេសវារីវប្បកម្ម និងការិយាល័យស្រាវជ្រាវ និងមន្ទីរពិសោធន៍៕ ដោយ៖ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner