គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ប្រជុំស្វែងរកវិធីសាស្ត្រក្នុងការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមលើការបញ្ជៀបព័ត៌មាន និងសមិទ្ធផលនានា ដល់ថ្នាក់មូលដ្ឋាន និងសាធារណជន

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន បានរៀបចំសិក្ខាសាលាស្តីពី៖ «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ដែលពិធីបើក ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថាសិក្ខាសាលាវេលានេះ រៀបចំឡើងដើម្បីជាការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជន ស្របតាមស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី ១៦ និង១៧ ខែកក្កដា ដែលបានដាក់ចេញទិសដៅការងារឲ្យបន្តខិតខំ “ជំរុញការងារចលនាមហាជន ចូលជ្រៅក្នុងស្រទាប់ គ្រប់មជ្ឍដ្ឋាន ជាពិសេសចលនាយុវជន ស្ត្រី និងកម្មករ ព្រមទាំងជំរុញការងារព័ត៌មាន និងសាធារណមតិឲ្យបានកាន់តែទូលំទូលាយ មានលក្ខណៈលឿនរហ័ស ។

ថ្លែងក្នុងឪកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍លើកឡើងថា ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង រៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់រីកចម្រើន ហើយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅនេះ ក៏បានបង្ហាញថាប្រជាជនភាគច្រើន បានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ។

លោកជំទាវ ម៉ែន សំអន ក៏បានជម្រុញដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលជាពិសេសប្រព័ន្ធបណ្តាញព័ត៌មានសង្គម ដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សទាំងក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់មិនគួរមើលរំលង ដើម្បីឈានទៅពង្រីកវិសាលភាពនៃការផ្សព្វផ្សាយមហាជនឱ្យកាន់តែទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការពន្យល់បកស្រាយ និងឆ្លើយតបបកភ្លាមៗ លើការវាយប្រហារផ្សេងៗ ឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបញ្រ្ជាបឱ្យប្រជាជនយល់ច្បាស់អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៃប្រទេសជាតិលើគ្រប់វិស័យ។

សូមជម្រាបជូនថា ពិធីបើកសិក្ខាសាលា បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយឡែកពិធីបិទ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ៕ ដោយ ថេត វិចិត្រ +ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner