វិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បន្តបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ជំនាន់ទី៤ វគ្គ៣ ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច(ទ រ ព អ) ឯកឧត្តម ណុប ចាន់ណារិន្ទបានឲ្យដឹងថា វិទ្យាស្ថានជាតិអធិការកិច្ច បានបន្តបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច ជំនាន់ទី៤ វគ្គ៣ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីក្រសួង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

បើតាមរបាយការណ៍ឯកឧត្តម បណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានដឹងឲ្យថា ក្នុងរយៈពេលដ៏ខ្លីនេះ វិទ្យាស្ថានជាតិអធិការកិច្ច ជំនាញអធិការកិច្ចបឋម បានរួមចំណែកលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈ តាមរយៈការផ្តល់ការបណ្តុះបណ្តាលអធិការកិច្ចដល់មន្ត្រីរបស់ក្រសួង និងមន្ទីរ ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច(ទ រ ព អ)ជាង ៤០០នាក់។

ឯកឧត្តម នាយកវិទ្យាស្ថានឱ្យដឹងទៀតថា វគ្គនេះគឺជាលើកទី១ហើយដែលវិទ្យាស្ថានជាតិអធិការកិច្ច ពង្រីកបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការដែលបម្រើការងារក្នុងវិស័យអធិការកិច្ចរបស់ក្រសួងណស្ថាប័នផ្សេងចំនួន ១០ក្រសួង ដោយក្នុងមួយក្រសួងចំនួន ២នាក់។

ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជាក់ថា វិស័យអធិការកិច្ច ជាវិស័យមួយដ៏មានសារៈសំខាន់សម្រាប់ត្រួតពិនិត្យ ការគ្រប់រដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយអនុលោមភាព តាមរយៈការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។ តែការចុះធ្វើអធិការកិច្ច មិនមែនការវែករកកំហុសដើម្បីរិះគន់រាជរដ្ឋាភិបាលនោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការដើម្បីចូលរួមបំពេញបំបន្ថែម សំរាប់ឈានទៅសម្រេច យុទ្ធសាស្ត្រចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអធិការកិច្ចល្អជាស្នូល ។ ដោយមានសារៈសំខាន់នេះហើយ ទើបថ្នាក់ដឹកនាំក្រសួង សម្រេចឲ្យបង្កើតវិទ្យាស្ថានជាតិអធិការកិច្ចឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអធិការកិច្ច ។

ឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ បញ្ជាក់ថា តាមចក្ខុវិស័យរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការទិសដៅច្បាស់លាស់ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ត្រីយើងឲ្យកាន់តែមានគុណភាព តាមរយៈនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអធិការកិច្ច ឲ្យបានគ្រប់កំរិត ចាប់ពីបឋម មធ្យម និងឧត្តមសិក្សា ស្របតាមភារកិច្ចធំៗពីរជាសំខាន់ ក្នុងចំណោមភារកិច្ចមួយចំនួនផ្សេងទៀត រួមមាន៖ ទី១ ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និស្សិតក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ព័ន្ធ ។ ទី២ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយឯកសារពាក់ព័ន្ធ ក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ពាក់ព័ន្ធ ។

បើតាម ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យរបស់ក្រសួង បានបា្រប់ឲ្យដឹងនៅក្រោយពិធីបើកវគ្គថា បើទោះជាវិទ្យាស្ថានទើបតែបង្កើតឡើងក្តី តែយើងបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ដើម្បីបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ សំរាប់មន្ត្រីជំនាញនៅគ្រប់កំរិត ទាំងនៅក្នុង និងក្រៅប្រទេសប្រកបដោយគុណភាព ហើយធនធានទាំងនេះកំពុងបំរើការងារនៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងមានប្រសិទ្ធិភាព ៕ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner