ប្រទេសជិតខាងរុស្ស៊ីអង្វរសុំជំនួយយោធាពីសហរដ្ឋអាមេរិក

ម៉ូស្គូ៖ រដ្ឋបាល់ទិក និងប៉ូឡូញកំពុងអង្វរសុំសហរដ្ឋអាមេរិកឱ្យពន្លឿនការផ្គត់ផ្គង់សព្វាវុធ និងពង្រីកវត្តមានកងទ័ពអាមេរិកនៅក្នុងទឹកដីប្រទេសរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់កាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ ក្នុងថ្ងៃសៅរ៍សប្តាហ៍មុន។

បើតាមប្រភពដដែលនេះ ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនបានធ្វើឱ្យប៉ូឡូញ អេស្តូនី ឡាតវី និងលីទុយអានី ព្រួយបារម្ភថា ប្រទេសពួកគេអាចនឹងក្លាយជាគោលដៅបន្ទាប់ដែលរងការវាយប្រហារ។

រដ្ឋមន្រ្តីការពារជាតិអេស្តូនីលោក ខូស្ទី សាម ត្រូវបានដកស្រង់សម្តីថា ប្រព័ន្ធមីស៊ីល HIMARS, យន្តហោះដ្រូន Reapers និងប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ ទាំងនេះគឺជាអ្វីដែលយើងត្រូវការបំផុត ដើម្បីបង្កើនឥទ្ធិពលយោធាដែលត្រូវការជាចាំបាច់ ក្នុងការរារាំងរុស្ស៊ី។

ដោយឡែករដ្ឋមន្ត្រីការពារជាតិឡាតវីលោក Artis Pabriks ថ្មីៗនេះបានប្រាប់អ្នកសារព័ត៌មាន Washington Post ថា ទីក្រុងរីហ្គា ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម ដើម្បីទិញសព្វាវុធថ្មី និងពង្រឹងការការពារដែនអាកាស រួមទាំងឆ្នេរសមុទ្ររបស់ខ្លួន។

ទន្ទឹមគ្នា មន្ត្រីប៉ូឡូញក៏បានជំរុញឱ្យសហរដ្ឋអាមេរិកបង្កើនល្បឿន នៃការដឹកជញ្ជូនអាវុធដែលបានសន្យាទៅកាន់ប្រទេសប៉ូឡូញផងដែរ។ នេះបើតាមកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍។

កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយ៍ អូស្ទីន បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធយោធាបន្ថែមទៀតជាមួយប្រទេសបាល់ទិក ហើយនឹងស្វែងរកការបណ្តុះបណ្តាលបន្ថែមសម្រាប់កងទ័ពរបស់ពួកគេ។

កាលពីខែមិថុនាកន្លងទៅ លោក ចូ បៃដិន ក៏បានប្រកាសដែរថា សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុប សម្រាប់រយៈពេលដ៏យូរមួយ ហើយនឹងបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ដំបូងរបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញ៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner