កីឡាការិនី រិទ្ធ គឹមលាង ៖ ហ្វឹកហាត់នៅប្រទេសប្រភពដើម នៃក្បាច់គុន វានឹងផ្តល់អត្ថប្រយោជន៍ច្រើន សម្រាប់អត្តពលិកកម្ពុជា
ភ្នំពេញ៖កីឡាការិនីការ៉ាតេ រិទ្ធ គឹមលាង បានអោយដឹងថា ការហ្វឹកហាត់នៅជប៉ុនរយៈពេលខ្លី ប៉ុន្តែវានឹងផ្តល់អត្ថប្រយោជន៍ច្រើនជាងហ្វឹកហាត់ក្នុងស្រុក ដោយសារនៅទីនោះគឺយើងផ្តោតទៅលើតែការហ្វឹកហាត់ មិនគិតច្រើន អញ្ចឹងការផ្តោតអារម្មណ៍ក៏បានខ្ពស់ដែរ តែបើនៅក្នុងស្រុក គឺផ្តោតអារម្មណ៍មិនបានល្អទេ រវល់ទៅរៀន ទៅនេះ ទៅនោះ ធ្វើអោយការហ្វឹកហាត់មិនបានពេញលេញ ។
រិទ្ធ គឹមលាង បន្តថា ស៊ីហ្គេម ២០២៣ នៅកម្ពុជា សង្ឃឹមខ្ពស់ ពីព្រោះមានឪកាសចេញទៅហ្វឹកហាត់ក្រៅប្រទេសច្រើនជាង ឯស៊ីហ្គេម នៅវៀតណាម ការត្រៀមមិនបានល្អ ដោយសារតែវិបត្តិជំងឺកូវីត១៩ ការហ្វឹកហាត់បានតិចតួច និងតាម online ធ្វើអោយមានការពិបាក គ្រូមិនអាចកែបាន និងមិនអាចផ្តល់ជាបច្ចេកទេសផ្ទាល់ៗ ជាពិសេសមិនសូវបានចេញប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិ ធ្វើអោយខ្លាចទីលាន និងកាបន្សាំខ្លួនមិនល្អ ដូច្នេះសិទ្ធផលធ្លាក់ចុះ ទម្រង់ក៏ធ្លាក់ តែកម្លាំងអាចរក្សាបាន ។ បញ្ហានេះ បានធ្វើអោយអត្តពលិកកីឡាការ៉ាតេ មិនទទួលបានជោគជ័យ ស៊ីហ្គេម នៅវៀតណាម ។
ជាមួយគ្នានេះ កីឡាការិនី រិទ្ធ គឹមលាង បញ្ជាក់ទៀតថា មានការហ្វឹកហាត់ច្រើនយ៉ាងណាក៏ដោយ បើមិនមានការប្រកួត គឺមិនមានការជឿជាក់លើខ្លួនឯង ខ្លាចទីលានប្រកួត មិនដឹងពីសមត្ថភាព ជាពិសេសមិនដឹងពីចំនុចខ្លាំង ចំនុចខ្សោយ និងចំនុចខ្វះខាត យកមកកែតម្រូវនោះទេ តែបើមានការប្រកួតច្រើន ពី ២ ទៅ ៣ ព្រឹត្តការណ៍នោះសិទ្ធផលកាន់តែខ្លាំង ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរៀបចំការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ ដោយមានអត្តពលិកចូលរួម ៩ប្រទេស រួមមាន៖ ម្ចាស់ផ្ទះកម្ពុជា, ព្រុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ៊្វីលីពីន, សិង្ហបុរី, ថៃ, និងវៀតណាម និងមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងសរុប ១២១នាក់ ក្នុងនោះកម្ពុជាមាន ២០នាក់ ។ ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយរហូតដល់៥គ្រឿង មាស១គ្រឿង ប្រាក់១ និងសំរឹទ្ធ៥គ្រឿង» ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងបញ្ជូនអត្តពលិក៧នាក់ ទៅហ្វឹកហាត់រយៈពេល៣ខែ នៅប្រទេសជប៉ុន វិញ្ញាសាឯកត្តជន និងវិញ្ញាសាក្រុម ដើម្បីត្រៀមប្រជែងមេដាយព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ រូបភាព ៖ Camsoc អត្ថបទ ចាន់ វិចិត្រ