លោក ពូទីន ថា រុស្ស៊ី-កូរ៉េខាងជើងនឹងពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងសន្តិសុខក្នុងតំបន់
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថា លោកចង់ពង្រីកទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង នៅថ្ងៃចន្ទសប្តាហ៍នេះបានចេញផ្សាយថា លោក ពូទីន បានផ្ញើសារលិខិតមួយទៅកាន់លោក គីម ក្នុងឱកាសខួបលើកទី ៧៧ នៃការបញ្ចប់ការកាន់កាប់របស់ជប៉ុននៅលើឧបទ្វីបកូរ៉េដោយនិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធ នឹងក្លាយជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។
លោក ពូទីន បានសរសេរថា រុស្ស៊ី-កូរ៉េខាងជើងនឹងបន្តពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ និងស្ថាបនា ជាមួយការខិតខំប្រឹងប្រែងរួមគ្នា ដោយបន្ថែមថា ប្រការនេះនឹងជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់អាស៊ីឦសាន។
លោក គីម ក៏បានផ្ញើសារលិខិតមួយច្បាប់ទៅលោក ពូទីន វិញផងដែរ ដោយបញ្ជាក់ថា មិត្តភាពរវាងរុស្ស៊ី-កូរ៉េខាងជើងត្រូវបានបង្កើតឡើងក្នុងសម័យសង្គ្រាមលោកលើកទី ២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ដែលបានកាន់កាប់ឧបទ្វីបកូរ៉េពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥។
លោក គីម បានសរសេរថា កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការគាំទ្រ និងសាមគ្គីភាពរវាងប្រទេសទាំងពីរបានឈានដល់កម្រិតថ្មីមួយ ចាប់តាំងពីពេលនោះមក ជាពិសេសនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការបង្កហេតុពីកងកម្លាំងយោធាអរិភាព។
ជាមួយគ្នានេះ លោក គីម ជុងអ៊ុន បានរំពឹងថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-កូរ៉េខាងជើងនឹងកាន់តែរីកចម្រើនឡើង ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ នៅពេលដែលលោកបានជួបជាមួយលោក ពូទីន ៕ ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ទីណា និងបុត្រា