រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញពិនិត្យទីសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ ដែលមានស្តង់ដា គុណភាព អនាម័យ ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត

ខេត្តកំពត ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយមន្ត្រីក្រុមការងារ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នំា២០២២ បានអញ្ជើញមកពិនិត្យទីសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ ដែលមានស្តង់ដា គុណភាព អនាម័យ និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់អ្នកបរិភោគ ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។

នៅចំពោះមុខដៃគូអភិវឌ្ឍដែលជាវិស័យឯកជន ឯកឧត្តមរដ្ឋមន្ដ្រីបានបង្ហាញឆន្ទ:គាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមានជាអាទិ៍ ការផលិតចំណីសត្វ ការចិញ្ចឹមមាន់សាច់ មាន់ពង ជ្រូកពូជ ជ្រូកសាច់ ការផលិតអាហារមនុស្ស និងសត្តឃាតដ្ឋាន ដែលសកម្មភាពទាំងអស់នេះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍអនុវិស័យផលិតកម្មសត្វ សាច់ និងម្ហូបអាហារដែលមានដើមកំណើតពីសត្វ ពិសេសរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារនៅមូលដ្ឋាន និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

មានមតិណែនាំឲ្យក្រុមហ៊ុនដែលមានសក្តានុពលលើផលិតកម្មចិញ្ចឹមសត្វ មាននិរន្តរភាពភាពក្នុងការផ្គត់ផ្គង់តាមតម្រូវការក្នុងស្រុក ជាងនេះគឺក្រុមហ៊ុនឈានទៅបង្កើតសត្តឃាតដ្ឋានជ្រូកកម្រិតស្តង់ដាអនាម័យ សុវត្ថិភាពសាច់ និងម្ហូបអាហារសម្រាប់បម្រើឲ្យសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលមាននិន្នាការកើនឡើងជាលំដាប់ ឯកឧត្តមរដ្ឋមន្ដ្រីបានសំណូមពរឲ្យសត្តឃាតដ្ឋាននេះពង្រីកកំលាំងផលិត ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកកាន់តែទូលំទូលាយ ពិសេសតាមទីផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍។ អ្វីដែលក្រុមហ៊ុន ត្រូវសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គឺបន្តធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេសចិញ្ចឹម ផលិតចំណីសត្វ ស្តង់ដាពិឃាតសត្វ និងការផលិតម្ហូបអាហារ ដើម្បីបង្កើនការយល់ដឹង ជឿទុកចិត្ត ព្រមទទួលយកនូវផលិតផលដែលយើងសហការផលិត និងឈានទៅធ្វើការនាំចេញ។

នាយកក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នសត្តឃាតដ្ឋានអាចពិឃាតជ្រូកបាន ៧តោនក្នុង១ថ្ងៃ យកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។ បច្ចុប្បន្នក្រុមហ៊ុនមានមេជ្រូកពូជសរុបទាំងអស់ ៤៨,០០០ក្បាល ក្នុងនោះបែងចែកចេញជា
១. កសិដ្ឋានជួលពីប្រជាកសិករមាន ២៥% ឬស្មើនឹង ១២.០០០ ក្បាល ។
២. កសិដ្ឋានគម្រោងលើកកម្ពស់កម្រិតជីវភាពកសិករមាន ៧៥% ស្មើនឹង ៣៦,០០០ ក្បាល មានគ្រួសារកសិករ ៣១គ្រួសារ។
ទាំងពីរចំណុចខាងលើ អាចផលិតកូនជ្រូកសាច់លក់ចែកចាយជូនអតិថិជនទូទៅបានចំនួន ១លាន៣សែនក្បាលក្នុង១ឆ្នាំ ៕ ដោយ៖សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner