ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តម វិទិត មុនសាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ។

សូមជម្រាបថា ឯកឧត្តម វិទិត មុនតាប៊ន ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងទទួលបន្ទុកលើការងារសិទ្ធិមនុស្សនៅកម្ពុជា ជំនួស លោកស្រី រ៉ូណា ស្មីត កាលពីខែឧសភា ឆ្នាំ២០២១។ ចាប់ពីបានតែងតាំង លោក វិទិត មុនតាប៊ន មិនដែលបានមកកាន់ប្រទេសកម្ពុជានោះឡើយ។

ឯកឧត្តមនឹងទស្សនកិច្ចការងារដែលជាភារកិច្ចរបស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា។ នេះជាដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោកនៅកម្ពុជា បន្ទាប់ពីអង្គការសហប្រជាជាតិចាត់តាំងឱ្យទទួលបន្ទុកការងារសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃរូបនេះ ក្រៅតែពីជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ ឯកឧត្តម គ្រោងជួបមន្ត្រីរាជរដ្ឋាភិបាលពាក់ព័ន្ធការងារសិទ្ធិមនុស្ស ក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងៗទៀតផងដែរ។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វិទិត មុនតាប៊ន ត្រូវបានស្វាគមន៍ទាំងភាគីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដោយទន្ទឹងរង់ចាំជជែកដោយបើកចំហរលើការងារសិទ្ធិមនុស្សនៅកម្ពុជា។

ការងារសិទ្ធិមនុស្សនៅកម្ពុជា តែងមានការខ្វែងគំនិត និងយល់ឃើញខុសរវាងរាជរដ្ឋាភិបាល ជាមួយរបាយការណ៍របស់តំណាងអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ព្រមានពីការបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថែមទៀតផង។

ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ដែរថា ក្នុងនាមរាជរដ្ឋាភិបាល គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ចំពោះទស្សនកិច្ចរបស់ ឯកឧត្តម វិទិត មុនតាប៊ន។ ឯកឧត្តម ជិន ម៉ាលីន ចាត់ទុកទស្សនកិច្ចរបស់ ឯកឧត្តម វិទិត មុនតាប៊ន គឺជាដំណើរការធម្មតាតាមនីតិវិធីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺត្រូវចុះមកធ្វើទស្សនកិច្ចនៅកម្ពុជា អាច២ដង ឬ៣ដងក្នុងមួយឆ្នាំ។

ឯកឧត្តម ជិន ម៉ាលីន បានបន្តថា សម្រាប់របាយការណ៍របស់ឯកឧត្តម វិទិត មុនតាប៊ន យ៉ាងណានោះ វាជាការយល់ឃើញរបស់គាត់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យជំហររបស់អង្គការសហប្រជាជាតិនោះទេ ព្រោះអ្នករាយការណ៍ពិសេស ជាអ្នកជំនាញការឯករាជ្យ ហើយការសិក្សាការស្រាវជ្រាវ និងការចេញរបាយការណ៍ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដូច្នេះសម្រាប់របាយការណ៍ដែលបានចេញមក គឺគ្មានអ្នកណាបង្ខំគាត់បាននោះដែរ។

ឯកឧត្តម ជិន ម៉ាលីន ក៏បានអះអាងដែរថា កម្ពុជារង់ចាំពិនិត្យលើអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា តើអនុសាសន៍ណាខ្លះដែលកម្ពុជាអាចពិចារណា និងយកមកអនុវត្តន៍បាន ហើយអនុសាសន៍ណាដែលមិនត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់ នីតិវិធីរបស់កម្ពុជា។ ដូច្នេះកម្ពុជានឹងពិចារណាចំពោះចំណុចនីមួយៗ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner