សហរដ្ឋអាមេរិក ហៅការធ្វើសមយុទ្ធចុងក្រោយរបស់ចិនជុំវិញកោះតៃវ៉ាន់ថា ជាការបញ្ចេញប្រតិកម្មហួសហេតុ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានចោទចិនថា បានបញ្ចេញប្រតិកម្មខ្លាំងហួសហេតុ ចំពោះដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់គណៈប្រតិភូសភាអាមេរិក។ យោធាចិននៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដែលជាវិធានការប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាមេរិក។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិនត្រូវតែធ្វើការឆ្លើយតបជាចាំបាច់ និងស្របច្បាប់ ចំពោះរាល់ការញុះញង់ដោយចេតនារបស់សហរដ្ឋអាមេរិក។

ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយស៍ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ការឆ្លើយតបណាមួយចំពោះដំណើរទស្សនកិច្ចដោយសន្តិវិធីរបស់សមាជិកសភា, ការឆ្លើយតបណាមួយដែលរួមបញ្ចូលនូវវោហាសាស្ត្រ ឬសមយុទ្ធយោធា ឬសកម្មភាពបង្កហេតុ គឺមិនចាំបាច់ទាំងស្រុង ហើយជាការបញ្ចេញប្រតិកម្មហួសហេតុទាំងស្រុង។

លោក ប្រាយស៍ បន្តថា គណៈប្រតិភូសភាអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាច្រើនទសវត្សរ៍មកហើយ ដោយលោកបានចោទចិនថា បានទាញយកផលប្រយោជន៍ពីដំណើរទស្សនកិច្ចចុងក្រោយនេះ ខណៈដែលខ្លួនព្យាយាមផ្លាស់ប្តូរស្ថានភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា គណៈប្រតិភូសភាអាមេរិកដឹកនាំលោក Ed Markey បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន និងមន្ត្រីផ្សេងទៀតនៅថ្ងៃចន្ទសប្តាហ៍នេះ។

ដំណើរទស្សនកិច្ចនេះដែរធ្វើឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ ចិនបានឆ្លើយតបដោយការធ្វើសមយុទ្ធយោធាផ្លូវអាកាស និងដែនសមុទ្រទ្រង់ទ្រាយធំជាបន្តបន្ទាប់ជុំវិញកោះនេះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner