សម្តេចតេជោ ហ៊ុន សែន ដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញ គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរាមា នរោត្តម យុវនាថ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៦ខែសីហានេះបានដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅសាលាធម្មសភា វត្តបទុមវតី រាជធានីភ្នំពេញ។

ក្នុងសារលិខិតចូលរួមរំលែកព្រះមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសមានទុក្ខយ៉ាងក្រៀមបំផុត ជាមួយអ្នកម្នាង យិន នរោត្តម យុវនាថ ក៏ដូចជាបុត្របុត្រី។

សម្តេចតេជោ បានបញ្ជាក់ថា ការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះ បរមរាមា នរោត្តម យុវនាថ ប្រកបដោយអនិច្ចលក្ខណៈធម៌ សង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន។ ការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បង់ព្រះស្វាមីប្រកបដោយសង្គហធម៌ និងការបាត់បង់ ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺការ បាត់បង់អង្គព្រះរាជវង្សទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រមួយ អង្គដ៏ល្អឆ្នើមបំផុតផងដែរ។

សូមបញ្ជាក់ថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និង ព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះបរមរាមា ត្រូវជា ព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner