អត្តពលិកគុនខ្មែរនាំយកមេដាយមាស៧គ្រឿង និងខ្សែក្រវ៉ាត់២ ជូនកម្ពុជាពីព្រឹត្តិការណ៍ Grand Slam Tournament 2022 Open

កីឡាករកីឡាការិនីកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយ លោក ហេង សុឃន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីយប់ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២២ ដោយនាំយកនូវមេដាយមាស៧គ្រឿងនិងខ្សែក្រវ៉ាត់២ខ្សែជូនកម្ពុជាពីព្រឹត្តិការណ៍ប្រកួត Grand Slam Tournament 2022 Open នៅប្រទេសម៉ាឡេស៊ី។
ការមកដល់របស់អត្តពលិកប្រដាល់គុនខ្មែរមានការទទួលស្វាគមយ៉ាងកក់ក្តៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីសំណាក់ ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរ។
លោក ហេង សុខឃន បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួត Grand Slam Tournament 2022 Openនេះ មានប្រទេសចូលរួមប្រកួតចំនួន១១០ប្រទេស ក្នុងនោះសម្រាប់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជូនអត្តពលិកចំនួន៨រូប កីឡាករ៧រូបនិងកីឡាការិនី១រូប ជាលទ្ធផល អត្តពលិកប្រដាល់គុនខ្មែរ ដណ្តើមបានមេដាយមាស៧គ្រឿង និងខ្សែក្រវ៉ាត់២ខ្សែ២។
អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា សម្រាប់បេសកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិលើកនេះ ប្រដាល់គុនខ្មែរទទួលបានជោគជ័យខ្លាំងលើសការរំពឹងទុក ទី១ គឺជោគជ័យទៅលើលទ្ធផលដែលទទួលបាន ទី២ ជោគជ័យសម្រាប់ការបង្ហាញទៅកាន់អន្តរជាតិ ដោយកម្ពុជាស្លៀកខោគុនខ្មែរឡើងប្រកួតក្នុងនាមម្ចាស់ក្បាច់គុនមួយ ខណៈដែលបណ្តាប្រទេសមកចូលរួមសុទ្ធសឹងស្លៀកខោមួយថៃប្រកួតទាំងអស់ ហើយ អ្វីដែលកាន់តែពិសេសទៀតនោះ គឺភាពខ្លាំងរបស់ប្រដាល់គុន ធ្វើឲ្យបណ្តាប្រទេសនៅលើពិភពលោក កោតសសើរ និង សុំឲ្យកម្ពុជាបញ្ជូនកីឡាករទៅប្រកួតផ្លាស់ប្តូរបច្ចេកទេសនៅប្រទេសគេផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន មានប្រសាសន៍ថា លទ្ធផលជោគជ័យដែលទទួលបានពីព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិប្រចាំឆ្នាំរៀបចំដោយ IFMA ដែលជាស្ថាប័នប្រដាល់ពិភពលោកនេះ គឺជាសញ្ញាវិជ្ជមានដ៏ល្អក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម បញ្ជាក់ថា កីឡាករទាំង៧រូបដែលដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍អន្តរជាតិខាងលើនេះ សហព័ន្ធនឹងថែទាំងទំនុងបំរ៉ុងបំពាក់បំប៉នបច្ចេកត្រៀមសម្រាប់ចូលរួមព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ទៀតទាំងក្នុងស្រុកនិងក្រៅស្រុក រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍Grand Slam Tournament 2022 Open រៀបចំដោយ IFMA ដែលជាស្ថាប័នប្រដាល់ពិភពលោកនៅប្រទេសម៉ាឡេស៊ីនេះ មាន១១០ប្រទេសចូលរួម សម្រាប់កម្ពុជា គឺបញ្ជូន អត្តពលិកគុនខ្មែរ៨រូប ដូចជា កីឡាការិនី ឆា ចាន់ដេង (៤៥គីឡូក្រាម) ផុន ពិសិដ្ឋ (៤៨គ.ក្រ) ខាំ ខ្លានាង (៥១គ.ក្រ) ហ៊ីម គីមរៀង (៥៤គ.ក្រ) ភួន ឡាំងកូស៊ីន (៥៧គ.ក្រ) រិន ដេវីត (៦០គ.ក្រ) ស៊ន រ៉ាគីម (៦៣.៥គ.ក្រ) និង ឈឿង ល្វៃ (៧១គ.ក្រ).ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយមាស៧គ្រឿងនិងខ្សែក្រវ៉ាត់២ខ្សែ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner