សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជា-វៀតណាម គួរជំរុញទំនាក់ទំនងសេដ្ឋកិច្ច ឱ្យកាន់តែខ្លាំងឡើងថែមទៀត ពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឱ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា កម្ពុជា-វៀតណាម គួរជំរុញទំនាក់ទំនងសេដ្ឋកិច្ច ឱ្យកាន់តែខ្លាំងឡើងថែមទៀត ពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឱ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង សមាជិកមជ្ឈិមបក្សនិងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មានថា នៅក្នុងជំនួបនេះ ឯកឧត្តម ឡេ ហាយជុង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស, ឯកឧត្តមប្រមុខរដ្ឋ, ឯកឧត្តមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម ជូនសម្ដេចតេជោ ហើយឯកឧត្តម បានសូមគោរពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្ពុជាទទួលបាននូវការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គម ក៏ដូចជាតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ឯកឧត្តម ឡេ ហាយជុង ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោ ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការពហុភាគី ក្នុងនោះដែរ ឯកឧត្តម ក៏បានសម្ដែងនូវការគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន ឲ្យទទួលបានជោគជ័យបន្តទៀត ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឡេ ហាយជុង ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺកូវីដ19 បានយ៉ាងជោគជ័យ ហើយបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ នឹងបើកកិច្ចប្រជុំដោយផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យកន្លងមក ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឡេ ហាយជុង ក៏បានគោរពសំដែងនូវការគាំទ្រនូវសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញកន្លងមកផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ឡេ ហាយជុង ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រមុខរដ្ឋ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងនូវអំណរគុណផងដែរ ជូនចំពោះការគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន នឹងសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញកន្លងមក។

សម្តេចតេជោ បានឯកភាពចំពោះការវាយតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចតេជោ បានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនងនយោបាយ ក្នុងន័យនេះ ឈរលើមូលដ្ឋានដែលមានស្រាប់គប្បីណាជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះរដ្ឋាភិបាលវៀតណាម គណបក្សកុម្មុយនីស្តវៀតណាម ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner