ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ដ្រូនកសិកម្មចំនួន ៤គ្រឿង តាមរយៈសមាគមយុវជនក្រុម៨ ជូនដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ទទួលដ្រូនកសិកម្ម ចំនួន ៤គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តមបណ្ឌិត ម៉ឹងមករា ក៏បានពាំនាំការសាកសួរសុខទុក និងការកោតសរសើរខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ អ្នកគ្រូលោកគ្រូ និងសហការី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បម្រើដល់វិស័យកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានថ្លែងថា “អំណោយនេះ គឺជាការចូលរួមចំណែក ជាមួយសាកលវិទ្យាល័យ ក្នុងការធ្វើទំនើបកម្មបណ្តុះបណ្តាលលើវិស័យកសិកម្ម ដល់និស្សិតដែលកំពុងទទួលការសិក្សានៅសាកលវិទ្យាល័យ”។ លោកបានបន្ថែមទៀតថា “អ្វីៗអាចសម្រេចទៅបាន គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍន៍រីកចម្រើន”។
ឯកឧត្តមបណ្ឌិត មុឹង មករា បានសង្កត់ធ្ងន់ថា “ដើម្បីធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន ចាំបាច់ត្រូវមានធនធានមនុស្សដែលមានជំនាញច្បាស់លាស់លើវិស័យកសិកម្ម ដើម្បីទាក់ទាញស្រូបយក ការវិនិយោគលើវិស័យកសិកម្មទាំងក្នុងស្រុក និងមកពីបរទេស។ ក្នុងន័យនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្មមានតួនាទីសំខាន់ណាស់ ចំពោះវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ”។
សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕