ល្អាងកួយក្នុងភូមិសាស្ត្រតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ គឺជាអតីតទីកន្លែងដែលជនជាតិកួយរស់នៅ
ព្រះវិហារ ៖ “ល្អាងកួយ” ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ នៃ ទឹកដីខេត្តព្រះវិហារ។នៅទីកន្លែងនេះគេឃើញមាន វត្តមួយ ដែលវត្តនេះមានតាំងពីយូរណាស់មកហើយ និងទីកន្លែងនេះក៏ជាអតីតជនជាតិកួយរស់នៅផងដែរ។
ពិតណាស់ល្អាងកួយគឺជាទីកន្លែងមួយដែលមាន ទេសភាព ពិតជាស្រស់ស្អាត និងគួរជាទីសម្រាកលំបាកកាយ ឬដំណើរកម្សាន្តមួយកន្លែងផងដែរ។កាលបើទៅទីកន្លែងមួយកន្លែងនេះគេអាចមើលឃើញភ្នំសងខាង ជាមួយថ្មលយទៅមុខនៅ ខាងមុខព្រះវិហារ អាចទស្សនាថ្ងៃរះនាពេលព្រឹកព្រលឹម។នៅទីកន្លែងនេះគេក៏អាច បន្តដំណើរទៅមុខទៀត ឆ្ពោះទៅតំបន់មួយទៀតមានឈ្មោះថាពើងព្រះពុទ្ធ។
តាមរយៈទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា បើចង់ទៅកន្លែងេនេះ គឺគេអាចចេញដំណើរពីភូមិឡើងទៅទីនេះ ដោយថ្មើរជើង ប្រមាណ ៣០នាទី ហើយក៏បន្តដើរឡើងដោយសារទៅនោះមានផ្លូវស្រាប់ ដោយសារជាផ្លូវនាំចង្ហាន់ទៅប្រគេនលោកទីនោះ យើងបន្តដំណើរប្រមាណ១ម៉ោងកន្លះ បានទៅដល់វត្ត ដែលវត្តនេះមានតាំងពីយូរណាស់មកហើយ ។
បើតាមលោកតាដែលបានបួសទីនោះ កាលពីមុនទីនេះជាតំបន់របស់ជនជាតិកួយ ដែលអាស្រ័យផលទីនេះ មានប្រមាណ១០គ្រួសារ តាំងពីមុនសម័យខ្មែរក្រហមទៅទៀត ពួកគេកាប់ចំការ រៀងៗខ្លួន តែឥលូវពុំមានប្រជាជនជនជាតិកួយរស់នៅទីនោះទេ ពួកគេផ្លាស់ទៅលំនៅ ចុះទៅខាងក្រោម ជិតជើងភ្នំ ដែលងាយស្រួលជាងរស់នៅទីនេះ តាមលោកតានិយាយ។ ចំណែកវត្តនេះវិញក៏មានយូរណាស់មកហើយ ដោយលោកតាថាតាំងពីមុនសម័យសង្គមរាស្រ្តនិយមទៅទៀត តែឥលូវគេជួសជុលប្រើប្រាស់ឡើងវិញ។
ក្រៅពីកាន់សីល នៅទីនោះលោកតា លោកយាយ ក៏ដាំបន្លែ និងផ្លែឈើដែលអាចផ្គត់ផ្គង់ពួកគាត់បាន។ បន្ទាប់មកយើងអាចបន្តដំណើរប្រមាណ ៥០០ម៉ែត្រមានប្រភពទឹក ចេញពីភ្នំ ហូរមិនឈប់ ដែលអាចយកប្រើប្រាស់ពេញមួយឆ្នាំទៀតផង ៕ ដោយ ៖ ម៉ាដេប៉ូ