សម្តេចតេជោទទួលជួបប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតមន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃច័ន្ទទី២២សីហានាវិមានសន្តិភាព។

លោក ឡេ ហាយជុង ដែលជាសមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីអគ្គលេខាធិការបក្ស, ប្រមុខរដ្ឋ, នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម ជូនសម្ដេចតេជោ។ មន្ត្រីជាន់ខ្ពស់បក្សវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្ពុជាទទួលបាននូវការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គម ក៏ដូចជាតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

លោក ឡេ ហាយជុង បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបាន ទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ។ លោកបានជម្រាបជូនសម្ដេចតេជោ នូវគោលបំណងទស្សនកិច្ច គឺដើម្បីលើកស្ទួយទំនាក់ ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស, រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ដើម្បីធ្វើឱ្យទំនាក់ ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការពហុភាគី។

លោកបានបញ្ជាក់ការគាំទ្ររបស់វៀតណាមចំពោះកម្ពុជាដែលកំពុងតែធ្វើជាប្រធានអាស៊ាន និងអបអរសាទរចំពោះកម្ពុជា ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ, បើក ដំណើរសេដ្ឋកិច្ចជាតិសាឡើងវិញដោយបានរៀបចំធ្វើកិច្ចការនានាទទួលបានជោគជ័យ រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកន្លងមកនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ឡេ ហាយជុង ដែលបាននាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម, អគ្គលេខាធិការបក្ស, ប្រមុខរដ្ឋ នាយករដ្ឋ មន្ត្រី ជូនចំពោះសម្ដេចក្នុងឱកាសដំណើរទស្សនកិច្ចនេះ។

ads banner