ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបន្តអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយដើម្បីសុខភាព និងបញ្ចៀសការរើសអើងក្នុងសហគមន៍
ភ្នំពេញ-គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលសុខភាពសហគមន៍ នៅស្វាយរៀង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តដំណើរការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយ ដោយអប់រំសុខភាព និងបញ្ចៀសឲ្យផុតពីការរើសអើង ក្នុងសហគមន៍។
ឯកឧត្តមបណ្ឌិត បណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្នុងនាមឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិសេស្បាល់អូឡាំពិកកម្ពុជាពិតជាមានក្តីរីករាយ ក្នុងការបណ្តុះបណ្តាលសុខភាពសហគមន៍ ដែលជាការទទួលខុសត្រូវចម្បង ក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ពេញវ័យ និងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួតកីឡាជារៀងរាល់ឆ្នាំ និងបានផ្ដល់ឱកាសឲ្យជនបញ្ញាខ្សោយបានចូលរួមសកម្មភាពកីឡា។
គណៈកម្មាធិការស្ប៉ាស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការពង្រីកចលនា កីឡាជនបញ្ញាខ្សោយទៅតាម ខេត្តគោលដៅមួយចំនួនដូចជា៖ រាជធានីភ្នំពេញ កណ្ដាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងកំពង់ស្ពឺ ប៉ុន្ដការពង្រីកអនុគណៈកម្មាធិការនេះនៅមានកម្រិតនៅឡើយ ដោយចលនាកីឡាស្ប៉ាស្យាល់អូឡាំពិកភាគច្រើន ពឹងផ្អែកលើការជួយឧបត្ថម្ភមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀតពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន។
ឯកឧត្តមបណ្ឌិត មាស សារិន បញ្ជាក់ជូនទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលសុខភាពសហគមន៍នេះឡើង ក្នុងគោលបំណងធំសំខាន់ៗ ដូចជា ១. ដើម្បីឱ្យមានបណ្តាញនិងស្គាល់ពីសញ្ញាណសុខភាពជនបញ្ញាខ្សោយនៅតាមសហគមន៍ ការបង្កើនការហាត់ប្រាណ និងលេងកីឡានៅតាមសហគន៍។ ២.ផ្ដល់សកម្មភាពសុខភាព និងបង្ការជាបន្តដល់កីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាក្នុងផ្នែកកាយសម្បទា ការញាំទឹក និងអនាម័យអាហារូបត្ថម្ភ និងបង្ការពីមេរោគផ្សេងៗ។ ៣. អប់រំ និងបណ្តុះបណ្តាលសមាជិកគ្រួសាររបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដើម្បីចូលរួម តស៊ូមតិផ្នែកសុខភាព។ ៤. មានបណ្តាញសម្រាប់អាណាព្យាលបាលជនបញ្ញាខ្សោយមកពីអង្គការ សមាគម និងពីក្រុមគ្រួសារនានា ជុំវិញខេត្ត ដើម្បីផ្ដល់ឱកាសដល់ពួកគេបានយល់ដឹងពីការថែទាំសុខភាព ដែលជាបញ្ហាចម្បង សម្រាប់អាណាព្យាបាល និងកីឡាករ កីឡាការិនីបញ្ញាខ្សោយ និងដើម្បីបង្កើនការយល់ដឹងផ្នែកសុខភាពទូទៅ សុខភាពមាតា សុខភាពទារក សុខភាពមាត់ ធ្មេញ និងសុខភាពនៃការរស់នៅប្រចាំថ្ងៃរបស់ជនខ្សោយសតិបញ្ញា។ ៥.ជំរុញឱ្យមន្ត្រីមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់មន្ត្រីពាក់ ព័ន្ធនិងគ្រួសារផ្សេងៗទៀត នៅក្នុងសហគមន៍របស់ពួកគេឱ្យយល់កាន់តែច្បាស់អំពីបញ្ញាសុខ ភាពនៃការរស់នៅប្រចាំថ្ងៃរបស់កីឡាករ កីឡាការិនី បញ្ញាខ្សោយ សំដៅឈានទៅរស់នៅប្រក ដដោយសុខុដុមរមនាជៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ។
សកម្មភាពទាំងនេះហើយ ដែលគណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកថ្នាក់ជាតិ និងអនុគណៈម្មាធិការស្ប៉ាស្យាល់អូឡាំពិកថ្នាក់រាជធានី-ខេត្ត តែងតែខិតខំប្រឹងប្រែងមិនត្រឹមតែផ្ដល់ឱកាសដល់ប្អូនបានចូលរួមក្នុងសកម្មភាពកីឡាប៉ុណ្ណោះទេ ថែមទាំងរិះរកកម្មវិធីថ្មីៗដែលផ្ដល់ប្រយោជន៍ដល់អាណាព្យាបាល និងប្អូនៗ ដែលជាកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាបានយល់ដឹងបន្ថែមទៀតនូវការនូវការថែទាំ សុខភាព ជាក់ស្តែងដូច ពេលនេះស្រាប់។
ក្នុងនោះផងដែរ ក៏មានការចូលរួមប្រកួតកីឡាស្ប៉ាស្យាល់អូឡាំពិកថ្នាក់ពិភព លោក ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ការប្រកួតថ្នាក់អនុតំបន់មេគង្គ កម្មវិធីកីឡាសម្រាប់ក្មេងៗ កម្មវិធីត្រួតពិនិត្យ សុខភាព កម្មវិធីអប់រំសុខភាពនៅតាមសហគមន៍ កម្មវិធីភាពជាអ្នកដឹកនាំរបស់កីឡាករ កីឡាការិនី។ល។ កម្មវិធីទាំងនេះបង្កើតឡើងក្នុងបុព្វហេតុសម្រាប់កីឡាករ កីឡាការិនីបញ្ញាខ្សោយទទួលបានសេវាផ្សេងៗ ដូចមនុស្សធម្មតាដែរ៕ ចាន់ វិចិត្រ