វៀតណាមនឹងតាមដានអ្នកដំណើរមកពីតំបន់ផ្ទុះជំងឺអុតស្វារយៈពេល ២១ថ្ងៃ
ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា អ្នកដំណើរដែលចូលប្រទេសវៀតណាម ដោយមកពីតំបន់ដែលមានការផ្ទុះឡើងនៃជំងឺអុតស្វានឹងត្រូវត្រួតពិនិត្យ ហើយអ្នកផ្ទុកមេរោគដែលគេសង្ស័យ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ ។
កត្តាហានិភ័យរួមមានការទាក់ទងជាមួយអ្នកឆ្លង ឬសង្ស័យថា ឆ្លងជំងឺអុតស្វា ឬ រួមភេទជាមួយដៃគូច្រើននាក់ ក្នុងរយៈពេល ២១ថ្ងៃ មុនពេលរោគសញ្ញាដំបូងលេចឡើង នេះបើយោងតាមការណែនាំបណ្តោះអាសន្នសម្រាប់តាមដាន និងការពារជំងឺអុតស្វាដោយក្រសួងសុខាភិបាល ។
ដោយផ្អែកលើកត្តាហានិភ័យរបស់ពួកគេ អ្នកចូលនឹងត្រូវបានផ្ទេរទៅកាន់កន្លែងវេជ្ជសាស្ត្រសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ឬការត្រួតពិនិត្យដោយខ្លួនឯងសម្រាប់រយៈពេល ២១ ថ្ងៃបន្ទាប់ពីការចូល។ គោលការណ៍នេះក៏នឹងត្រូវបានអនុវត្តចំពោះអ្នកដែលមកពីប្រទេស/តំបន់ដែលមានជំងឺអុតស្វាសផងដែរ។
ប្រសិនបើមានរោគសញ្ញាដូចជា កន្ទួល ឈឺក្បាល ក្តៅខ្លួន ញាក់ ឈឺក ឬអស់កម្លាំង គួរតែជៀសវាងការទាក់ទងជាមួយអ្នកដទៃ ហើយទៅកន្លែងពេទ្យដើម្បីពិនិត្យ និងព្យាបាល។ មូលដ្ឋាន និងបរិក្ខារពេទ្យគួរតែបង្កើនការត្រួតពិនិត្យសុខភាពសាធារណៈ ។
ក្រសួងសុខាភិបាលបានស្នើសុំការប្រមូលសំណាកសម្រាប់ធ្វើតេស្តជំងឺអុតស្វាក្នុងគ្រប់ករណីទាំងអស់ ដែលសង្ស័យថា មានផ្ទុកជំងឺនេះ ក៏ដូចជា ការតាមដានសុខភាពរបស់អ្នកជិតស្និទ្ធទាំងអស់ ក្នុងរយៈពេល ២១ថ្ងៃ ចាប់តាំងពីការជួបចុងក្រោយរបស់ពួកគេជាមួយនឹងករណីសង្ស័យ។
អ្នកដែលមានរោគសញ្ញាមួយ ឬច្រើនដូចជាឈឺក្បាល គ្រុនក្តៅលើសពី ៣៨.៥ អង្សាសេ ដំបៅ និងអស់កម្លាំងក៏អាចជាករណីសង្ស័យផងដែរ ។ មន្ត្រីសុខាភិបាលវៀតណាមបានទទួលស្គាល់ថា ប្រទេសនេះ បច្ចុប្បន្ន ខ្វះសមត្ថភាពធ្វើតេស្តគ្រប់គ្រាន់ ចំពោះការស្វែងរកឱ្យឃើញពីជំងឺអុតស្វា ៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត