ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញដាំកូនឈើ និងសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង រៀបចំដាំកូនឈើ នៅតំបន់ភ្នំតាម៉ៅ
ខេត្តតាកែវ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ចុះសួរសុខទុក្ខ កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ យ៉ាងសកម្ម ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក៏បានអញ្ជើញដាំកូនឈើប្រណីត នៅក្នុងតំបន់ភ្នំតាម៉ៅនេះផងដែរ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ តាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
តាមរយៈព្រះរាជក្រឹត្យបានបញ្ជាក់ថា សួនឧទ្យានដ៏ធំនេះត្រូវបានបែងចែកជា ៣តំបន់ដូចខាងក្រោម៖
១. តំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ៖ សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ ហិកតា។
២. តំបន់សួនភូតគាមឈើប្រណីតភ្នំតាម៉ៅ៖ សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួនភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ ហិកតា។
៣. តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅ ជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្រ្គោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា។
យោងតាមព្រះរាជក្រឹត្យ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ត្រូវមានភារកិច្ចគ្រប់គ្រងតំបន់សួនឧទ្យាននេះ ព្រមទាំងត្រូវរៀបចំផែនការគ្រប់គ្រងសួនឧទ្យាន និងអភិវឌ្ឍឱ្យមានប្រសិទិ្ធភាពនិងមាននិរន្តរភាព ៕ ដោយ / គ្រី សម្បត្តិ