ក្រុងកៀវចោទក្រុងម៉ូស្គូ ពីបទស្មុំកូនជនជាតិអ៊ុយក្រែនដោយខុសច្បាប់
រដ្ឋាភិបាលក្រុងកៀវ បានចោទប្រកាន់ក្រុងមូស្គូថា បានរៀបចំការស្មុំកូនជនជាតិអ៊ុយក្រែន ទ្រង់ទ្រាយធំ ដោយខុសច្បាប់ បន្ទាប់ពីផ្ទេរក្មេងៗទាំងនោះ ពីតំបន់អ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ទៅរុស្ស៊ី។
ការចោទប្រកាន់ថ្មីនេះ ធ្វើឡើងបន្តពីលើការចោទប្រកាន់ដែលថា រុស្ស៊ីបាននិរទេសជនជាតិអ៊ុយក្រែនចេញពីប្រទេសរបស់ខ្លួនទៅរុស្ស៊ី ដោយបង្ខិតបង្ខំចាប់តាំងពីសង្រ្គាមឈ្លានពានផ្ទុះឡើង។
ក្រសួងការបរទេសអ៊ុយក្រែននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារថា៖ «សហព័ន្ធរុស្ស៊ី បន្តចាប់ពង្រត់ក្មេងៗពីទឹកដីអ៊ុយក្រែន និងរៀបចំការស្មុំកូនដោយខុសច្បាប់របស់ខ្លួនដោយពលរដ្ឋរុស្ស៊ី»។ ក្រសួងបន្តថា៖ «ក្មេងៗជាង ១ ០០០ នាក់មកពីក្រុងម៉ារីអ៊ូបូលត្រូវបានផ្ទេរដោយខុសច្បាប់» ទៅកាន់ក្រុងផ្សេងៗក្នុងតំបន់ស៊ីបេរី ដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីអ៊ុយក្រែន។
អ៊ុយក្រែននិយាយថា ខ្លួនបានផ្អែកលើការរកឃើញរបស់ខ្លួន លើព័ត៌មានពីអាជ្ញាធរមូលដ្ឋាននៅទីក្រុង ភាគខាងត្បូងរបស់រុស្ស៊ី ដែលនៅក្បែរប្រទេសអ៊ុយក្រែន។ក្រសួងបរទេសអ៊ុយក្រែន ចោទប្រកាន់រុស្ស៊ីពីសកម្មភាពដែល«បំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩»និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ហើយអំពាវនាវឱ្យប្រគល់ «កុមារអ៊ុយក្រែនទាំងអស់ដែលត្រូវបានផ្ទេរដោយខុសច្បាប់ទៅកាន់ទឹកដីនៃប្រទេសរុស្ស៊ីត្រឡប់ទៅឪពុកម្តាយរបស់ពួកគេ ឬអាណាព្យាបាលស្របច្បាប់របស់ពួកគេវិញ»។
ខណៈរុស្ស៊ីមិនទាន់ធ្វើការប្រកាសយ៉ាងណាចំពោះការចោទប្រកាន់ថ្មីនេះ កន្លងមករុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែន និងរដ្ឋាភិបាលលោកខាងលិច ដែលថាខ្លួនបាននិរទេសប្រជាជនអ៊ុយក្រែនទៅរុស្ស៊ីដោយខុសច្បាប់ ទោះបីជាការចោទប្រកាន់ត្រូវបានភ្ជាប់ជាមួយភស្តុតាងក្ដី។
ប្រភព៖ Aljazeera