យូណេស្កូ កោតសរសើរកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ
ភ្នំពេញ៖ អង្គការយូណេស្កូ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ។ ការកោតសរសើរ បានធ្វើឡើងតាមរយៈលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតទទួលជួបដើម្បីពិភាក្សាការងារ ជាពិសេសផ្ដោតទៅលើវឌ្ឍនភាពការងាររួមគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
ក្នុងជំនួបនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវអំពីព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធទៅនឹងយុទ្ធនាការកម្រិតអន្តរក្រសួង របស់ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចុះវាស់វែងដី និងស្រង់ទិន្នន័យនិយាមការ ដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់តំណាងអង្គការយូណេស្កូ ដើម្បីជ្រាបជាព័ត៌មាន។
លោកជំទាវថា នេះជាយុទ្ធនាការមួយ ដើម្បីរុះរើនៅសំណង់ខុសច្បាប់មួយចំនួនដែលបានកើតមាននៅពេលកន្លងមក ហើយយុទ្ធនាការនេះក៏ជាផ្នែកមួយនៃផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុងការទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ ជាពិសេសប្រយុទ្ធប្រឆាំងនឹងសំណង់ខុសច្បាប់។ ពោលយុទ្ធនាការនេះ ជាសកម្មភាពមួយដែលអាចអនុញ្ញាតឲ្យកសាងបាននូវទិន្នន័យជាក់ច្បាស់សម្រាប់អនាគតក្នុងកិច្ចការការពារអភិរក្សតំបន់អង្គរទាំងមូល ជាពិសេសទប់ស្កាត់នៃការកកើតឡើងវិញនៃសំណង់ខុសច្បាប់ជាយថាហេតុនាពេលអនាគត ក្នុងបំណងធ្វើយ៉ាងណាការពារឲ្យបានជាដាច់ខាតតំលៃលេចឆ្លោជាសាកលនៃរមណីយដ្ឋានអង្គរអត្តសញ្ញាណជាតិ។
ពាក់ព័ន្ធនឹងយុទ្ធនាការរបស់ក្រុមការងារតម្រង់ទិសនេះ តំណាងអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការពារតំបន់បេតិកភណ្ឌអង្គរ ព្រមទាំងនឹងរាយការណ៍បន្ដជូនទៅអង្គការយូណេស្កូនៅប៉ារីស និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។
លោកក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរា ដាក់បញ្ចូលក្នុងរបាយការណ៍ស្ដីពីវឌ្ឈភាពកិច្ចការអភិរក្សអង្គរនូវសកម្មភាព និងលទ្ធផលនៃយុទ្ធនាការនេះ ដែលនឹងត្រូវដាក់ជូនទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាដំណាច់ឆ្នាំ២០២២នេះ។
អង្គការយូណេស្កូ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានទទួលស្វាគមន៍អនុប្រធានគណៈកម្មការអឺរ៉ុប យ៉ាងកក់ក្ដៅ និងលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការងារមួយចំនួនដូចជា៖ កិច្ចសហប្រតិបត្តិការនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ការត្រៀមរៀបចំប្រារព្ធពិធីខួបលើកទី៥០ឆ្នាំ នៃអនុសញ្ញា១៩៧០ ដែលកម្ពុជាបានចុះហត្ថលេខី, ការរៀបចំកិច្ចប្រជុំ ICC-Angkor ICC-Preah Vihear និងកិច្ចការទូទៅមួយចំនួនផ្សេងទៀត។
សូមជម្រាបថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដី នោះ មានប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ នៅតំបន់រមនីយដ្ឋានអង្គរប្រមាណ ៧២៧គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើទៅរស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល នៅសាលាខេត្តសៀមរាប។
ពលរដ្ឋទាំង៧២៧គ្រួសារនោះ មាន២៣៤ គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៩៣ គ្រួសារស្ថិតនៅភូមិត្រពាំងសេះ ហើយដីឡូត៍ដែលពួកគេចាប់ឆ្នោតយកនេះ មានទំហំ ២០ គុណ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯក ស្ថិតនៅចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប៕ ដោយ៖លីណា +សេឌី