ឯកឧត្តម សាយ សំអាល់៖ បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថានគឺជាការចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី អាជ្ញាធរអប្សរា អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំតំបន់ធម្មជាតិរុនតាឯក សម្រាប់ការផ្លាស់ប្តូរទីតាំងលំនៅថ្មីរបស់បងប្អូននៅតំបន់អង្គរ
សៀមរាប៖ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍លើកឡើងចំពោះមន្រ្តីឧទ្យាននុរក្សថា បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថានគឺជាការចូលរួមគាំទ្រដល់ក្រសួងដែនដី អាជ្ញាធរអប្សរា អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំតំបន់ធម្មជាតិរុនតាឯក សម្រាប់ត្រៀមទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅដោយខុសច្បាប់នៅក្នុងតំបន់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលតម្រូវឱ្យយើងរៀបចំ ឱ្យមានរបៀបរៀបរយ។
ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ការទាំងទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋគឺមិនអាចបន្តទៀតបាននោះទេ ប្រាសាទអង្គរវត្តមិនមែនជារបស់កម្ពុជាផ្តាច់មុខតែឯងនោះទេ គឺជារបស់ពិភពលោក ។ ឯកឧត្តម បន្តថា បើតាមក្រិត្យក្រមរបស់អង្គការយូណេស្កូ (UNESCO) គឺត្រូវថែរក្សាតំបន់មួយចំនួន ជុំវិញបរិវេណអង្គរ មិនឱ្យមានមនុស្សរស់នៅនោះទេ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅតែតាំងលំនៅឋានពាសវាលពាសកាល ដែលតម្រូវឱ្យយើងរៀបចំឱ្យបានត្រឹមត្រូវ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋបោះបង់ទីតាំងនោះ ហើយរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំទីតាំងថ្មីស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ។
ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ឱ្យដឹងដែរថា ប្រសិនបើកម្ពុជាយើងមិនរៀបចំតំបន់អង្គរនោះទេ នោះកម្ពុជាយើងនឹងបាត់បង់ចំណាត់ថ្នាក់នៅលើពិភពលោក ។ មូលហេតុគឺយើងចង់រក្សាមរតកវប្បធម៌ដូនតា ដែលជាដួងប្រលឹងជាតិរបស់យើង ហើយភ្ញៀវទេសចរណ៍ដែលមកទស្សនកម្ពុជា គឺផ្តោតជាសំខាន់លើអង្គរវត្តនេះ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបន្តថា បេសកកម្មរបស់មន្រ្តីយើងគឺមកគាំទ្រសកម្មភាពរបស់ក្រសួងដែនដី អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋានគឺដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ដែលការចូលរួមរបស់បងប្អូនយើងគឺឈរនៅលើផ្លូវដែលត្រឹមត្រូវ ។ការធ្វើនូវហេដ្ឋារចនាសម្ព័ន្ធ នេះគឺជាការយកចិត្តទុកដាក់របស់យើង ជូនទៅដល់ប្រជាជន ដែលត្រូវរើលំនៅឋាននៅក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែររាជរដ្ឋាភិបាល និងរៀបចំហេដ្ឋាសម្ព័ន្ធជូនពួកគាត់ ដែលក្នុងនោះក៏មានការដាំដើមឈើ ក៏ដូចជារៀបចំលំនៅឋានឱ្យបានសមរម្យជូនពួកគាត់។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីបរិស្ថាន ដែលបានចូលរួមនៅក្នុងការងារនេះ ។ឯកឧត្តមបញ្ជាក់ថា ការងារនេះតម្រូវឱ្យរៀបចំរយៈពេលយូរ ហើយជាបេសកកម្មការងារសម្រាប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធធ្វើក្រៅពីការងារស្នូលបច្ចុប្បន្ននេះ។
ការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសឯកឧត្តមរួមជាមួយនិងគណៈប្រតិភូក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរាអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើល ការរៀបចំការងារទូទៅ របស់មន្ត្រីមន្ទីរបរិស្ថាន និងមន្រ្តីឧទ្យាននុរក្ស នៅក្នុងតំបនធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា ដើម្បីជំរុញឱ្យការងារសម្អាត និងរៀបចំតំបន់ទីតាំងលំនៅថ្មី ដែលនឹងរៀបចំដោយក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ នៅក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី នេះ ក្រសួងបរិស្ថានបានដាក់ឱ្យមន្រ្តីឧទ្យានុរក្ស និងមន្រ្តីមន្ទីរបរិស្ថានខេត្តសៀមរាបចំនួន ៦០នាក់ ដើម្បីចូលរួមរៀបតំបន់ថ្មីនេះ ដើម្បីសម្អាត និងរៀបចំទីតាំងនេះដែរ៕
ដោយ:ង៉ាន ទិត្យ