សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតជំនួបសម្ងាត់ជាមួយសម្តេចឪ នៅហ្សាកាតា ឆ្នាំ១៩៩១ ដែលបានជំរុញល្បឿននៃការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតជំនួបសម្ងាត់ជាមួយសម្តេចឪ នៅហ្សាកាតា ឆ្នាំ១៩៩១ ដែលសម្ដេចចាត់ទុថា មានតម្លៃខ្លាំងណាស់ ក្នុងការជំរុញល្បឿន នៃការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងប៉ារីស។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោហ៊ុនសែនបានបង្ហាញរូបថតមួយសន្លឹក ជាមួយពាក្យពេជ្រសរសេរលើបណ្ដាញសង្គមដូច្នេះថា៖ រូបថតមួយសន្លឹកនេះ មានតម្លៃខ្លាំងណាស់សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។
សម្តេចតេជោបានបន្តថា នេះជាជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំ នៅហ្សាកាតា ថ្ងៃ២ និងថ្ងៃ៤ មិថុនា ១៩៩១ ដែលបានព្រមព្រៀងគ្នាជាសម្ងាត់ បាននាំមកនូវការជំរុញល្បឿននៃការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងប៉ារីស។
សម្ដេចបានបន្ថែមថា ខ្ញុំនឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់នោះ នៅពេលវេលាសមស្រប ។
សូមរំលឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មានភាគីជម្លោះ កម្ពុជាចំនួន ៤ បានចុះហត្ថលេខានៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាម ស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា ។ តាមរយៈ កិច្ចព្រមព្រៀង ២៣ តុលា នេះ ទើបបានធ្វើឲ្យ កម្ពុជា មានលទ្ធភាពកសាងនូវរបបមួយថ្មីតាមរយៈការបោះឆ្នោតមានរដ្ឋធម្មនុញ្ញ និង បញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីកម្ពុជា ជាពិសេសបាន យាង ព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ ចូល មាតុ ភូមិកម្ពុជា វិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជា ទី២ គឺជារបប រាជាធិបតេយ្យអាស្រ័យ រដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ ។
ស្មារតីនៃកិច្ចព្រមព្រៀង ២៣តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះដែរ ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ ឱកាសឲ្យកម្ពុជាស្គាល់ការអភិវឌ្ឍ ដូចសព្វថ្ងៃ ។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ នេះ មានគោលដៅសំខាន់ៗ បីយ៉ាង រួមមាន ៖ ទី ១. រៀបចំឲ្យមានសន្តិភាពឡើងវិញ នៅ ប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍ បទឈប់បាញ់ និង ការរំសាយអាវុធក្នុងជួរ កងទ័ពនៃភាគីជម្លោះខ្មែរទាំង ៤ ទី ២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេស កម្ពុជា តាមរយៈ ការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី ៣. ការពារ អធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិ របស់ប្រទេសកមកម្ពុជា ៕ ដោយ វណ្ណលុក