ប្រធានាធិបតីបេឡារូស៖ យន្តហោះចម្បាំងបេឡារូសបានកែប្រែ ដើម្បីផ្ទុកអាវុធនុយក្លេអ៊ែរ
មីនស្ក៍៖ ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko ថ្លែងថា យន្តហោះចម្បាំង SU-24 របស់យោធាបេឡារូសត្រូវបានកែប្រែហើយ ដើម្បីបំពាក់អាវុធនុយក្លេអ៊ែរ ហើយទីក្រុងមីនស្ក៍ នឹងបញ្ចេញប្រតិកម្មភ្លាមៗ ប្រសិនបើលោកខាងលិចបង្កបញ្ហាណាមួយនោះ ។
លោក Lukashenko បានបញ្ជាក់យ៉ាងដូច្នេះថា លោកបានយល់ព្រមលើការផ្លាស់ប្តូរ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំងបេឡារូសជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Belta ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។
លោក Lukashenko ត្រូវបានគេដកស្រង់សម្តីថា ពួកគេ (លោកខាងលិច) ត្រូវតែយល់ថា ប្រសិនបើពួកគេជ្រើសរើសឱ្យមានការកើនឡើងភាពតានតឹងនោះ គ្មានឧទ្ធម្ភាគចក្រ ឬយន្តហោះណានឹងជួយសង្គ្រោះពួកគេទេ។ លោក Lukashenko បានសង្កត់ធ្ងន់ទៀតថា អ្វីៗបានត្រៀមខ្លួនរួចរាល់ហើយ ដោយចង់សំដៅលើការងារកែប្រែយន្តហោះចម្បាំងបេឡារូសឲ្យមានអាវុធនុយក្លេអ៊ែរ ។
វាមិនមែនជាគំនិតល្អទេ ក្នុងការបង្កើនរឿងជាមួយបេឡារូស ព្រោះវានឹងក្លាយជាការកើនឡើងជាមួយរដ្ឋសហភាព នៃប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលមានអាវុធនុយក្លេអ៊ែរ ប្រសិនបើពួកគេចាប់ផ្ដើមបង្កើតបញ្ហា… ការឆ្លើយតបនឹងមានភ្លាមៗ៕ ប្រភព៖ Al Jazeera ប្រែសម្រួល៖ ទីណា និងបុត្រា