ក្រសួងមហាផ្ទៃថ្លែងថាជាង១០ថ្ងៃអាជ្ញាធរជួយរំដោះជនរងគ្រោះជួញដូរជាង១០០នាក់ (Video Inside)
ក្រសួងមហាផ្ទៃបានថ្លែងថាយុទ្ធនាការបង្ក្រាបអំពើជួញដូរមនុស្ស រយ:ពេលជាង១០ថ្ងៃ មកនេះ បានជួយរំដោះជនរងគ្រោះជាង១០០នាក់ ។ ហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា យុទ្ធនាការជួយរំដោះមនុស្សទាំងនោះ គឺរវាងពីថ្ងៃទី១៨ ដល់ទី២៩ ខែសីហា ឆ្នាំ២០២២ ក្រោយទទួលបានពាក្យបណ្តឹងចំនួន៤០។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី៣១ ខែសីហានេះថា ក្នុងចំណោមពាក្យបណ្តឹងទាំង ៤០នោះ សមត្ថកិច្ចបានជួយជនរងគ្រោះរួមមាន ជនជាតិអាមេរិកចំនួន២នាក់, ឥណ្ឌូនេស៊ី១នាក់, ជនជាតិចិន៣៨នាក់, ជនជាតិម៉ាឡេស៊ីច៥៣នាក់, វៀតណាម៥នាក់, ចិនតៃវ៉ាន់៣នាក់ និង ពលរដ្ឋជាតិខ្មែរម្នាក់ផងដែរ។
សមត្ថកិច្ចកម្ពុជាបានបើកយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្សនេះ ក្រោយមានសេចក្តីរាយការណ៍ថាមានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេសបានសហការជាមួយនឹងបក្ខពួក ក្នុងប្រទេសកម្ពុជាធ្វើអំពើបង្ខាំង និងចាប់ជំរិតមនុស្សក្រោមរូបភាពល្បួងមនុស្សមកធ្វើការ ក្នុងប្រទេសកម្ពុជាដោយឱ្យកម្រៃពលកម្មច្រើន។