លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក្លាយជាជនជាតិខ្មែរទី៨ ដែលទទួលបានពានរង្វាន់ «ណូបែលអាស៊ី»
មូលនិធិ Raymon Magsaysay នៅថ្ងៃទី៣១ ខែសីហា បានប្រកាសផ្ដល់ពានរង្វាន់ Raymon Magsaysay លើកទី៦៤ ឆ្នាំ២០២២ ដល់លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ ហៅកាត់ថា TPO។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៧ មានជនជាតិខ្មែរចំនួន៨រូបហើយ រាប់ទាំងលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ផង ដែលបានទទួលពានរង្វាន់នេះ។
ថ្លែងប្រាប់សារព័ត៌មាន CPA លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ថ្លែងថា លោកភ្ញាក់ផ្អើលមែនទែន នៅពេលបានទទួលដំណឹងថា លោកទទួលបានពានរង្វាន់ Raymon Magsaysay ដែលមានគេផ្ដល់តម្លៃស្មើនឹង «ពានរង្វាន់ណូបែលអាស៊ី»។ មិនត្រឹមតែភ្ញាក់ផ្អើលទេ ពីដំបូងឡើយ លោកថែមទាំងគិតថា វាជារឿងបោកប្រាស់ថែមទៀត។ នេះបើតាមលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា។
ដ្បិតតែបង្កើតឡើងនៅឆ្នាំ១៩៥៧ ប៉ុន្តែមូលនិធិ Raymon Magsaysay ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីននេះ ចាប់ផ្ដល់ពានរង្វាន់របស់ខ្លួន នៅឆ្នាំ១៩៥៨ ដល់បុគ្គល និងស្ថាប័ន ដែលបានបង្ហាញការងារ និងស្មារតីលះបង់ខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។
មូលនិធិ Raymon Magsaysay បានគូសបញ្ជាក់ប្រាប់លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ថា គេបានតាមដានការងាររបស់លោកវេជ្ជបណ្ឌិតជាង២ឆ្នាំ ទើបសម្រេចផ្ដល់ «ពានរង្វាន់ណូបែលអាស៊ី» ជូនរូបលោក។ នោះក៏ព្រោះតែ មូលនិធិនេះយល់ឃើញថា លោក ឈឹម សុធារ៉ា បានធ្វើការងារជាច្រើន ដើម្បីជួយដល់អ្នកជំងឺផ្លូវចិត្តនៅកម្ពុជា។
មានវ័យ៥៤ឆ្នាំ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកចិត្តសាស្ត្រនៅឆ្នាំ២០១៤ និងបានបម្រើការងារក្នុងវិស័យពិគ្រោះយោបល់និងព្យាបាលជំងឺចិត្តសាស្ត្រអស់រយៈពេល៣០កន្លងមកហើយ។ បន្ថែមពីលើការងារជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ ហៅកាត់ថា TPO លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ទទួលព្យាបាលអ្នកជំងឺផ្លូវចិត្ត។ បន្ថែមពីលើនេះ លោកបានចំណាយពេលវេលាដែលនៅសេសសល់ ស្រាវជ្រាវបន្ថែមអំពីបញ្ហាជំងឺផ្លូវចិត្ត «បាក់ស្បាត» របស់ប្រជាជនកម្ពុជា ដែលមានលក្ខណៈខុសប្លែកពីជំងឺបាក់ស្បាតទូទៅ។ នោះក៏ព្រោះតែប្រជាជនកម្ពុជាបានហែលឆ្លងភ្លើងសង្គ្រាមអស់រាប់ទសវត្ស ដែលបានបណ្ដាលឲ្យជំងឺបាក់ស្បាតរបស់ប្រជាជនកម្ពុជា មានភាពដាច់ដោយឡែកពីគេ។
នៅឆ្នាំ២០២២នេះ ក្រៅពីលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក៏មានបុគ្គលចំនួន៣រូបផ្សេងទៀត មកពីប្រទេសជប៉ុន ហ្វីលីពីន និងឥណ្ឌូនេស៊ី បានទទួលពានរង្វាន់ណូបែលអាស៊ីលើកទី៦៤នេះដែរ។ ដោយឡែក សម្រាប់ជនជាតិខ្មែរវិញ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា គឺជាបុគ្គលទី៨ហើយ ដែលបានទទួលពានរង្វាន់ណូបែលអាស៊ីនេះ។
ជនជាតិខ្មែរទាំង៧រូបទៀតដែលធ្លាប់បានទទួលពានរង្វាន់នេះដែរ មានជាអាថិ៍ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, យ៉ង សាំងកុមារ អតីតនាយកប្រតិបត្តិអង្គការសេដាក, លោក គល់ បញ្ញា នាយកប្រតិបត្តិនៅអង្គការ ខុមហ្វ្រែល, លោក ឯក សុនចាន់ អតីតអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ, លោកស្រី អ៊ុង ច័ន្ទថុល អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ, និងលោកស្រី នួន ផល្លី អតីតនាយកគ្រប់គ្រងអង្គការពន្លឺអនាគត៕