យុវតីខ្មែរ៖ កម្សាន្តនៅតំបន់អេកូទេសចរណ៍ ជាការរួមចំណែក ជួយថែរក្សាបរិស្ថាន ព្រៃឈើ និងប្រជាសហគមន៍
ភ្នំពេញ៖នៅកម្ពុជា តំបន់អេកូទេសចរណ៍បានក្លាយជាគោលដៅ សំខាន់ មួយសម្រាប់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរ។ និន្នាការ នេះ ចាប់កម្រើកឡើងខ្លាំង បន្ទាប់ពីការផ្ទុះឡើងនូវវិបត្តិសកល កូវីដ -១៩ ដែលរារាំងមិនឲ្យពលរដ្ឋខ្មែរអាចធ្វើដំណើរកម្សាន្តទៅក្រៅ ប្រទេសបាន។ ឥឡូវនេះ បើទោះបីជាជើងមេឃចាប់ផ្ដើមបើក ចំហឡើងវិញ សម្រាប់ការទៅកម្សាន្តនៅបរទេសក្ដី ក៏ការដើរព្រៃ ឡើងភ្នំ បោះតង់ នៅតែមានប្រជាប្រិយភាពនៅក្នុងចំណោមភ្ញៀវ ទេសចរក្នុងស្រុក។
កញ្ញា សាន ស្រីនិច សព្វថ្ងៃជានិស្សិតរៀននៅដេប៉ាតេម៉ង់ ប្រព័ន្ធ ផ្សព្វផ្សាយ និងទូរគមនាគមន៍( DMC) ដែលជាអ្នក និយមដើរ ព្រៃម្នាក់ដែរនោះ និយាយឲ្យដឹងថា ចំណូលចិត្តដើរព្រៃ របស់កញ្ញា ផ្សារភ្ជាប់ទៅនឹងជីវិតពីកុមារភាព ដែលកញ្ញាធ្លាប់ ធំធាត់ឡើងនៅ តំបន់ដាច់ស្រយាល ឡោមព័ទ្ធទៅដោយធម្មជាតិ។ នៅពេលឡើងមក រស់នៅរៀនសូត្រក្នុងទីក្រុងភ្នំពេញដែលមានការអភិវឌ្ឍទំនើបគ្រប់ទីកន្លែង កញ្ញា សាន ស្រីនិច ចាត់ទុកការទៅកម្សាន្តនៅតំបន់អេកូ ទេសចរណ៍ ថា ជាការរំឭកឡើងវិញនូវអនុស្សាវរីយ៍ពីកុមារភាព របស់ កញ្ញាឡើងវិញ។
ជាយុវតី ដើរព្រៃរាប់សិបគីឡូដោយស្ពាយឥវ៉ាន់ខ្លួនឯងផង កញ្ញា សាន ស្រីនិច ទទួលស្គាល់ថា ភាពហត់នឿយតែងតែមានមិនអត់ទេ៖ «ប៉ុន្តែនៅពេលធ្វើដំណើរទៅដល់គោលដៅទេសចរណ៍ ដែលមាន សម្រស់ ស្អាត មានព្រៃ មានសត្វ មានទេសភាពដែល រកមិនបាន នៅទីក្រុង ភាពហត់នឿយទាំងនោះស្រាប់តែបាត់ដូចគេបេះ។ បោះតង់ ចងអង្រឹង អានសៀវភៅ កាត់ផ្ដាច់ពីសេវាទូរស័ព្ទ និង ពិភពលោក ខ្ញុំចាត់ទុកការដើរព្រៃទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ជាការលម្ហែកម្សាន្តមួយបែប ដែលមានលក្ខណៈផងព្រេង ហត់នឿយ ក៏ពិតមែន ប៉ុន្តែវាបានជួយឲ្យធ្វើឲ្យចិត្តយើងជ្រះស្រឡះ មួយពេលដែរ ។»
ពីអ្នកចូលចិត្តដើរព្រៃម្នាក់ដែរ កញ្ញា រចនា ចាប់ផ្ដើមធ្វើដំណើរកម្សាន្ត ទៅតាមតំបន់អេកូទេសចរណ៍តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដែល កាលនោះ និន្នាការនេះមិនទាន់មានការពេញនិយមនៅឡើយ។
ចាប់ផ្ដើមដំបូងពីតំបន់អារ៉ែង ក្នុងខេត្តកោះកុង កញ្ញាជាប់ចិត្ត ស្រឡាញ់ ការដើរកម្សាន្តបែបផ្សងព្រេងរបៀបនេះ ដោយសារតែកញ្ញា មានពេលនៅជាមួយធម្មជាតិបានច្រើន។
នៅក្នុងព្រៃ ដាច់ស្រយាលពីទីក្រុងទំនើប សកម្មភាពដែលកញ្ញារចនា ចូលចិត្តធ្វើគឺចងអង្រឹងដេកក្រោមដើមឈើអានសៀវភៅ ស្ដាប់ សំឡេង សត្វ ក្រោកឡើងមើលព្រះអាទិត្យរះ រួចដើរសង្កេតព្រៃ ដាក់មងរកត្រីជាមួយប្រជាសហគមន៍ដើម្បីយកមកចម្អិនអាហារ និងដេកមើលផ្កាយពេលយប់។
ទាំងនេះគឺមន្តស្នេហ៍ដែលចងចិត្តកញ្ញាឲ្យតែងតែស្វែងរកពេលាទំនេរពីការងារ ទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ធម្មជាតិ។
កន្លងមក កញ្ញាធ្លាប់ទៅកម្សាន្តនៅតំបន់អារ៉ែងក្នុងខេត្តកោះកុង និងតំបន់ថ្មលយនៅលើភ្នំគិរីរម្យ ព្រមទាំងចុងក្រោយ គឺនៅតំបន់ ខ្នងផ្សារ។
ជាគោលដៅបន្ត កញ្ញារចនា ចង់ទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ដទៃទៀត ដូចជាភ្នំឱរ៉ាល់ និងវាលធំជាដើម។ សម្រាប់កញ្ញា រចនា ការដើរព្រៃគឺជាដំណើរទេសចរមួយ ដែលមិនត្រឹមតែផ្ដល់ ភាព ផ្សងព្រេងដល់អ្នកទេសចរទេ តែវាអាចជួយឲ្យអ្នក ទេសច រ បាននៅ ជាមួយធម្មជាតិ ចេះស្រឡាញ់ធម្មជាតិ និងការពារធម្មជាតិ។ មិនត្រឹម តែប៉ុណ្ណោះ វាថែមទាំងជួយដល់ជីវភាពប្រជាសហគមន៍ នៅក្នុង តំបន់ ទៀតផង។
កញ្ញា ម៉េង ឯណោះវិញ ចាប់ផ្ដើមដើរព្រៃនៅពេលដែលកញ្ញាបាន ចូលរួមដំណើរទៅកាន់ព្រៃឡង់ ដែលរៀបចំដោយអង្គការក្រៅ រដ្ឋាភិបាល កាលពីឆ្នាំ២០១៥។ គឺទាល់តែរហូតដល់ឆ្នាំ២០១៩ នៅពេលដែលកញ្ញាសម្រេចចិត្តឈប់ធ្វើការងារពេញម៉ោង កញ្ញា ម៉េង មានពេលច្រើនជាងមុនក្នុងការដើរហើរ ហើយការធ្វើដំណើរ នោះ ទៀត សោតភាគច្រើនកញ្ញានិយមទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ទៅរុករកតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗដែលមិនសូវមានមនុស្សទៅដល់។
កញ្ញា ម៉េង ចាត់ទុកសកម្មភាពដើរព្រៃ ឡើងភ្នំ ដែលពេលខ្លះត្រូវដើរ ចម្ងាយពី១០គីឡូម៉ែត្រ ទៅដល់៤០ ឬ៥០គីឡូម៉ែត្រ ថាជាការសាកល្បងអំពីសមត្ថភាពរបស់ខ្លួនឯង ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ដោយចំពោះភាពអត់ធ្មត់ និងការតស៊ូរបស់យើងតែម្ដង។ ធ្លាប់ទៅដល់តំបន់អេកូទេសចរណ៍ជាច្រើនកន្លែង កញ្ញាម៉េង ផ្ដល់យោបល់ថា ភ្ញៀវទេសចរគួរតែត្រៀមខ្លួនឲ្យបានល្អ អំពីសម្ភារៈដែលប្រើប្រាស់ ជាពិសេសស្បែកជើងសម្រាប់ដើរព្រៃតែម្ដង។
មួយវិញទៀត សម្រាប់បញ្ហាបរិស្ថាន កញ្ញាម៉េងស្នើឲ្យភ្ញៀវទេសចរទាំងអស់យកសម្ភារៈប្រើប្រាស់ដែលអាចប្រើប្រាស់ឡើងវិញបាន ចៀសវាងនូវការប្រើប្រាស់សម្ភារៈប្លាស្ទិក ដែលអាចបន្សល់ជាកាកសំណល់ បំពុលដល់បរិស្ថាននិងសោភណ្ឌភាពនៅតំបន់អេកូទេសចរណ៍នោះ។ នៅពេលដែលព្រៃប្រឹក្សាជួយឲ្យអារម្មណ៍យើងស្រស់ថ្លា កញ្ញាម៉េងផ្ដាំផ្ញើដល់អ្នកដើរព្រៃផ្សេងទៀតថា៖ «គួរតែរក្សាភាពដើមនៃតំបន់ធម្មជាតិដែលយើងទៅកម្សាន្តឲ្យបាន ពោលគឺបើអាចទៅរួច គួរបន្សល់ទុកតែអនុស្សាវរីយ៍ និងស្នាមដានជើងរបស់យើងនៅទីនោះបានហើយ»៕
ដោយ៖កែវ កិរិយា
កញ្ញាម៉េងឯណោះវិញ ចាប់ផ្ដើមដើរព្រៃនៅពេលដែលកញ្ញាបានចូលរួមដំណើរទៅកាន់ព្រៃឡង់ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល កាលពីឆ្នាំ២០១៥។ គឺទាល់តែរហូតដល់ឆ្នាំ២០១៩ នៅពេលដែលកញ្ញាសម្រេចចិត្តឈប់ធ្វើការងារពេញម៉ោង កញ្ញាម៉េងមានពេលច្រើនជាងមុនក្នុងការដើរហើរ។ ហើយការដើរហើរនោះទៀតសោត ភាគច្រើនកញ្ញានិយមទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ទៅរុករកតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដែលមិនសូវមានអ្នកទៅដល់។
កញ្ញាម៉េង ចាត់ទុកសកម្មភាពដើរព្រៃ ឡើងភ្នំ ដែលពេលខ្លះត្រូវដើរចម្ងាយពី១០គីឡូម៉ែត្រ ទៅដល់៤០ ឬ៥០គីឡូម៉ែត្រ ថាជាការសាកល្បងអំពីសមត្ថភាពរបស់ខ្លួនឯង ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ដោយចំពោះភាពអត់ធ្មត់ និងការតស៊ូរបស់យើងតែម្ដង។ ធ្លាប់ទៅដល់តំបន់អេកូទេសចរណ៍ជាច្រើនកន្លែង កញ្ញាម៉េង ផ្ដល់យោបល់ថា ភ្ញៀវទេសចរគួរតែត្រៀមខ្លួនឲ្យបានល្អ អំពីសម្ភារៈដែលប្រើប្រាស់ ជាពិសេសស្បែកជើងសម្រាប់ដើរព្រៃតែម្ដង។
មួយវិញទៀត សម្រាប់បញ្ហាបរិស្ថាន កញ្ញាម៉េងស្នើឲ្យភ្ញៀវទេសចរទាំងអស់យកសម្ភារៈប្រើប្រាស់ដែលអាចប្រើប្រាស់ឡើងវិញបាន ចៀសវាងនូវការប្រើប្រាស់សម្ភារៈប្លាស្ទិក ដែលអាចបន្សល់ជាកាកសំណល់ បំពុលដល់បរិស្ថាននិងសោភណ្ឌភាពនៅតំបន់អេកូទេសចរណ៍នោះ។ នៅពេលដែលព្រៃប្រឹក្សាជួយឲ្យអារម្មណ៍យើងស្រស់ថ្លា កញ្ញាម៉េងផ្ដាំផ្ញើដល់អ្នកដើរព្រៃផ្សេងទៀតថា៖ «គួរតែរក្សាភាពដើមនៃតំបន់ធម្មជាតិដែលយើងទៅកម្សាន្តឲ្យបាន ពោលគឺបើអាចទៅរួច គួរបន្សល់ទុកតែអនុស្សាវរីយ៍ និងស្នាមដានជើងរបស់យើងនៅទីនោះបានហើយ»៕
ដោយ៖កែវ កិរិយា