ផ្ទុះអាវុធ១គ្រាប់បណ្ដាលឱ្យសន្តិសុខម្នាក់រងរបួសធ្ងន់ ក្នុងធនាគារCIMB ព្រោះតែទាស់សម្ដីគ្នារឿងពាក់មួកចូលបន្ទាប់ទឹក
ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់បានរងរបួសភ្លៅខាងស្ដាំ រួចបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីត្រូវកងអង្គរក្សយាមនៅធនាគារដូចគ្នាបាញ់មួយគ្រាប់បណ្ដាលឱ្យរងរបួសព្រោះតែទាស់សម្ដីគ្នារឿងពាក់មួកចូលបន្ទប់ទឹក កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងធនាគារ CIMB Bank ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាអ្នកបង្កហេតុឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល និងជាសន្តិសុខក្រុមហ៊ុន Safeguards Cambodia Co.Ltd យាមគោលដៅធនាគារ CIMB។ ពេលធ្វើសកម្មភាពរួចជនដៃដល់បានគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន IG security យាមនៅធនាគារ CIMB ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យជាអ្នកធ្វើការយាមនៅធនាគារ CIMB ដូចគ្នា តែនៅពេលកើតហេតុ ជនរងគ្រោះជាសន្តិសុខពាក់មួកចូលបន្ទប់ទឹក ហើយមន្ត្រីនគរបាលដែលយាមនៅទីនោះដែរបានឱ្យជនរងគ្រោះដោះមួកចេញ តែជនរងគ្រោះមិនដោះក៏ផ្ដើមជាទំនាស់ពាក្យសម្ដីគ្នារហូតធ្វើឱ្យមន្ត្រីនគរបាលផ្ទុះអាវុធមួយគ្រាប់បណ្ដាលឱ្យជនរងគ្រោះ(ឃុន វន)រងរបួសភ្លៅខាងស្ដាំ និងបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានចុះដល់ទីតាំងកើតហេតុធ្វើការសួរនាំ និងធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ ភារ៉ា និងប៊ុនធី