សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី «តោះ! ទៅ វេចអន្សមរួមគ្នា» នាពេលកាន់បិណ្ឌ
ភ្នំុពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. នឹង រៀបចំកម្មវិធី «តោះ!ទៅវេចអន្សមរួមគ្នា»។ កម្មវិធីនេះ នឹងរៀប ចំនៅ ទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នៅ ថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃបិណ្ឌ៧ និងបិណ្ឌ៨ នៃពិធីបុណ្យកាន់បិណ្ឌ។
បើតាមការប្រកាសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កម្មវិធី «តោះទៅវេចអន្សមរួមគ្នានេះ» បើកឲ្យមានការចូលរួមដោយសេរី មិនសម្រាប់តែសមាជិករបស់ខ្លួនប៉ុណ្ណោះទេ។ ពោលគឺ ប្រជាពលរដ្ឋ ទូទៅអាចអញ្ជើញទៅចូលរួមវេចអន្សមបានទាំងអស់គ្នា។
គួរជម្រាបថា ពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ នឹង ចាប់ផ្ដើម នៅថ្ងៃ ០១រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ហើយ អូសបន្លាយរយៈពេល១៤ថ្ងៃ ខណៈពិធីបុណ្យភ្ជុំបិណ្ឌ ប្រារព្ធ នៅថ្ងៃ ទី២៥ ខែកញ្ញាឆ្នាំ២០២២។
ជាទំនៀមទម្លាប់នៅក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរមានទម្លាប់វេចនំអន្សមទៅវត្តប្រគេន ដើម្បីឧទ្ទិសបុណ្យកុសលជូនទៅដល់ជីដូនជីតា និងញាតិការ ទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅ។
កាលពីឆ្នាំ២០១៥ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុង ខេត្ត សៀមរាប កម្ពុជាបានចម្អិននំអន្សមយក្ស ដែលបាន បំបែក ឯតទគ្គកម្មពិភពលោក ជានំអន្សមដ៏ធំបំផុតមិនធ្លាប់មាន នៅ លើលោក។ អន្សមយក្សនេះ មានទម្ងន់ ៣ ២០០ គីឡូក្រាម ពេលនៅឆៅ ហើយពេលចម្អិនរួច គឺមានទម្ងន់រហូតដល់ ទៅបួនតោនឯណោះ។ ដើម្បីអាចចម្អិនអន្សមនេះឲ្យឆ្អិតបាន គេត្រូវប្រើពេលចម្អិនជិត៥០ម៉ោង។
នំអន្សមយក្សនេះ មានកម្ពស់មួយម៉ែត្រ និងមានប្រវែង រហូត ទៅដល់ប្រាំម៉ែត្រ។ យោងតាមសមាគមចុងភៅកម្ពុជាក្នុងការវេចខ្ចប់និងចម្អិនអន្សមយក្សនេះ គេត្រូវការក្រុមមេចុងភៅ និងកូនកាំបិតចំនួន១០០នាក់ ហើយ នំអន្សមដ៏ធំមិនធ្លាប់មាននេះ គឺជាស្នាដៃរបស់ចុងភៅខ្មែរ និងកូនខ្មែរ ពិតៗ។ សម្រាប់លោក សោម រតនា ដែលជាអ្នកនាំពាក្យ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៥ បានចាត់ទុកនំអន្សមយក្សដែល បំបែក ឯតទគ្គកម្មពិភពលោកនោះ ថាជាមោទនភាពជាតិខ្មែរ ហើយនេះគឺ បង្ហាញពីអត្តសញ្ញាណខ្មែរកាន់តែច្បាស់ទៅកាន់ពិភពលោក៕
ដោយ៖កែវ កិរិយា