លោក ពូទីន មានគម្រោងជួបពិភាក្សាដោយផ្ទាល់ជាមួយលោក ស៊ី ជីនពីង នាសប្តាហ៍ក្រោយនេះ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីផែនការជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាន នាសប្តាហ៍ក្រោយនេះ។ លោក ពូទីន បានធ្វើសេចក្តីប្រកាសនេះក្នុងអំឡុងកិច្ចប្រជុំរបស់គាត់ ក្នុងថ្ងៃពុធសប្តាហ៍នេះ ជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន លោក លី ហ្សានស៊ូ។

លោក លី កំពុងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក ជាទីដែលលោក ពូទីន ថ្លែងសុន្ទរកថា។ ការិយាល័យប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោក ពូទីន បានស្វាគមន៍មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់លំដាប់ទី ៣ របស់ប្រទេសចិន ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់លោក លី បានគូសបញ្ជាក់អំពីលក្ខណៈពិសេសនៃទំនាក់ទំនងរវាងរុស្ស៊ី និងចិន។

លោក ពូទីន ក៏បានសម្តែងក្តីសង្ឃឹមថា នឹងជួបជាមួយលោកប្រធានាធិបតី ស៊ី ក្នុងពេលឆាប់ៗនេះផងដែរ។ លោក ពូទីន បានបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយលោក ស៊ី ក្នុងអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន ដែលចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។

លោក ពូទីន និងលោក ស៊ី បានជួបពិភាក្សាគ្នាតាមទូរស័ព្ទចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែនេះជាលើកដំបូងដែលពួកលោកនឹងជួបគ្នាដោយផ្ទាល់ចាប់តាំងពីថ្ងៃទី៤ ខែកុម្ភៈមក។ លោក ពូទីន ក៏បានបង្ហាញពីផែនការដើម្បីជួបពិភាក្សាត្រីភាគីជាមួយប្រធានាធិបតីម៉ុងហ្គោលី លោក អ៊ូខាណា ឃូរែលស៊ូក ផងដែរ នៅក្នុងព្រឹត្តិការណ៍នៅអ៊ូសបេគីស្ថាន ខណៈដែលរដ្ឋបាលលោក ពូទីន ក៏កំពុងពង្រឹងទំនាក់ទំនងជាមួយចិន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner