លោក ជា សែនវិស្សុត៖ ការបញ្ជូនអត្តពលិកវ័យក្មេង ចេញទៅយកបទពិសោធន៍ នៅក្រៅប្រទេស គឺជាការបន្សាំខ្លួនស្វែងរកសិទ្ធផលល្អ និងចំនុចខ្លាំង ត្រៀមស៊ីហ្គេម នៅកម្ពុជា
ភ្នំពេញ៖ លោក ជា សែនវិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតន្នីសកម្ពុជា បានអោយដឹងថា សហព័ន្ធបានបញ្ជូនអត្តពលិកវ័យក្មេង០៨រូប ចេញទៅបោះជំរំហ្វឹកហាត់ និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសូហ្វតិន្នីស The 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament រយៈពេល០៣សប្តាហ៍ នៅសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងសមត្ថភាព និងទទួលបានពិសោធន៍ ក្រោយខកខានរយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីត-១៩ ។
លោក ជា សែនវិស្សុត បន្ថែមថា ការចាកចេញពីទឹកដីកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ រួមមាន៖ កីឡាករ កាន់ សោភ័ណ្ឌ ,កីឡាករ ចន ម៉ាដា ,កីឡាករ សាយ សុចិត្រា ,កីឡាករ សំ ចាន់កាប៊ី ,កីឡាករ សយ សុធន់ ,កីឡាករ សម ដេវីដ ,កីឡាការិនី ម៉េត ម៉ារីយ៉ាន និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា ដើម្បីចូលរួមបោះជំរំហ្វឹកហាត់ និងចូលរួមប្រកួត បន្សាំខ្លួនស្វែងរកសិទ្ធផលល្អ និងចំនុចខ្លាំង ជាមួយអត្តពលិកអន្តរជាតិ ត្រៀមដណ្តើមមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា ជាពិសេសដើម្បីអោយសម្រេចតាមសន្ទសន៍ដែល Camsoc ដាក់ជូន ដណ្តើមអោយបានមេដាយមាស៣គ្រឿង។ លោក អគ្គលេខាធិការ បន្តថា សហព័ន្ធមានគម្រោងស្នើសុំ Camsoc ដើម្បីស្វែងរកគ្រូបង្វឹកអន្តរជាតិមកហ្វឹកហាត់ដល់កីឡាករ កីឡាការិនីរយៈពេលពី៧ខែទៅ៨ខែ អោយដល់ ស៊ីហ្គេម នៅកម្ពុជា ។
ក្រៅពីនោះសហព័ន្ធ ក៏បានខ្នេះខ្នែងក្នុងពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម តាមរយៈវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិបន្ថែមផងដែរ ។ លោក ជា សែនវិស្សុត បញ្ជាក់ថា តាមផែនការមេសហព័ន្ធកីឡាហ្វតន្នីសកម្ពុជា បានដាក់គោលដៅយ៉ាងជាក់លាក់ថា នឹងដណ្តើមមេដាយមាសអោយបាន៣គ្រឿង ពីស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងចំណោម៧វិញ្ញាសាដាក់អោយប្រកួតប្រជែង រួមមាន៖ វិញ្ញាសាឯកត្តជន បុរស-នារី , វិញ្ញាសាវាយគូបុរស-នារី , វិញ្ញាសាវាយក្រុមបុរស-នារី និងវិញ្ញាសាវាយគូជម្រុះ ។
គួររម្លឹកថា គិតមកដល់ពេលនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានដណ្តើមមេដាយកម្រិតអន្តរជាតិចំនួន៦០គ្រឿង ក្នុងនោះមេដាយមាស ១០គ្រឿង មេដាយប្រាក់ ១៩គ្រឿង និងសំរឹទ្ធ ៣១គ្រឿង ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា តែងតែបញ្ជូនកីឡាករ កីឡាការិនីជម្រើសរើសជាតិ និងយុវជនថ្នាល ទៅចូលរួមបោះជំរំហ្វឹកហាត់ និងការប្រកួតកម្រិតអន្តរជាតិជារៀងរាល់ឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួនតៀតដូចជា ប្រទេសចិន ហ្វីលីពីន និងថៃ ជាដើម៕ ចាន់ វិចិត្រ