រុស្ស៊ីអះអាងថា នឹងបញ្ឈប់ការនាំចេញថាមពល ប្រសិនបើលោកខាងលិចហ៊ានកំណត់តម្លៃ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃពុធសប្តាហ៍នេះ បានគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទាំងស្រុងទៅកាន់លោកខាងលិច ប្រសិន បើពួកគេព្យាយាមកំណត់តម្លៃនៃការនាំចេញរបស់រុស្ស៊ី។

បន្ថែមលើនេះ លោក ពូទីន ក៏បានប្តេជ្ញាដែរថា នឹងបន្តសកម្មភាពយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន រហូតដល់វាសម្រេចបាននូវគោលដៅរបស់ខ្លួន។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំនៅទីក្រុងកំពង់ផែ វ៉្លាឌីវ៉ូស្តុក លោក ពូទីន បានចំអកចំពោះផែនការរបស់សហភាពអឺរ៉ុបសម្រាប់ការកំណត់តម្លៃប្រេង និងឧស្ម័នរបស់រុស្ស៊ីថា ជាគំនិត “ឆោតល្ងង់” ដែលនឹងនាំឱ្យមានការឡើងថ្លៃបន្ថែមទៀតតែប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក ពូទីន ក៏បានព្រមានផងដែរថា ចំណាត់ការបែបនេះរបស់សហភាពអឺរ៉ុប នឹងតំណាងឱ្យការបំពានយ៉ាងច្បាស់លាស់ នៃកិច្ចសន្យាដែលមានស្រាប់ ដោយលោកនិយាយថា រុស្ស៊ីអាចឆ្លើយតបដោយការបិទក្បាលម៉ាស៊ីនផ្គត់ផ្គង់ឧស្ម័ន។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ក្នុងករណីនោះ យើងគ្រាន់តែបញ្ឈប់ការផ្គត់ផ្គង់ប៉ុណ្ណោះ ប្រសិនបើវាផ្ទុយនឹងផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង។

យើងនឹងមិនផ្គត់ផ្គង់ឧស្ម័ន ប្រេង ប្រេងម៉ាស៊ូត ឬធ្យូងថ្មឡើយ លោកថា រុស្ស៊ីនឹងងាយស្រួលស្វែងរកអតិថិជននៅអាស៊ី ដើម្បីផ្លាស់ប្តូរការនាំចេញថាមពលរបស់ខ្លួនឱ្យឆ្ងាយពីអឺរ៉ុប៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner