ការនាំចេញម្រេចធ្លាក់ចុះយ៉ាងគំហុកដោយសារម្រេចធ្លាក់ថ្លៃខ្លាំងកសិករហាលទុក រង់ចាំឡើងថ្លៃទើបលក់ចេញ

ភ្នំពេញ:អ្នកជំនាញក្នុងវិស័យម្រេច បានលើកឡើងថា ការនាំចេញម្រេចនៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២នេះ ធ្លាក់ចុះប្រមាណចំនួន៧០ ភាគរយ ដោយសារម្រេចធ្លាក់ថ្លៃខ្លាំងពី១៥ ០០០ រៀលមកនៅត្រឹម១២ ០០០ រៀល។ អ្នកជំនាញអះអាងថា ការដែលម្រេចធ្លាក់ថ្លៃនេះ ធ្វើឱ្យកសិករមួយចំនួនមិនបញ្ចេញម្រេចលក់នោះទេ គឺស្តុកទុកលក់ ដោយពួកគេជឿជាក់ថា ម្រេចនឹងឡើងថ្លៃវិញនាពេលខាងមុខដ៏ខ្លី។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ថ្លែងប្រាប់នៅថ្ងៃព្រហស្បតិ៍ ទី០៧ កញ្ញាថា កត្តាចម្បងដែលនាំឱ្យការនាំចេញម្រេចក្នុងរយៈពេល៧ ខែនៃឆ្នាំ២០២២ នេះធ្លាក់ចុះរហូតដល់៧០ភាគរយ គឺដោយសារម្រេចមានតម្លៃថោក ហើយកសិករហាលទុកស្តុកលក់ នៅពេលដែលម្រេចមានតម្លៃខ្ពស់វិញ។

លោកថ្លែងដូច្នេះថា៖ «តម្លៃធ្លាក់ចុះ ដូច្នេះធ្វើឱ្យកសិករអត់លក់ចេញទេ។ នៅពេលដែលកសិករអត់លក់ចេញ ឈ្មួញអត់មានឥវ៉ាន់នាំចេញនោះទេ។ នេះជាកត្តាសំខាន់ជាងគេ ដោយសារបើប្រៀបធៀបតម្លៃឆ្នាំកាលពីឆ្នាំទៅ ក្នុងខែនេះតម្លៃម្រេច មួយគីឡូថ្លៃ១៥ ០០០រៀល តែឥឡូវថ្លៃតែ១២ ០០០រៀលជាង ហើយកសិករគិតថា តម្លៃនឹងប្រសើរឡើងនៅពេលខាងមុខ ដូច្នេះគាត់អត់បានលក់ចេញទេ គាត់ហាលទុក»។

យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២២នេះ លោក ម៉ាក់ នី កត់សម្គាល់ឃើញដែរថា មានកសិករមួយចំនួន ដែលសម្រេចលក់ម្រេចចេញក្នុងរង្វង់៣០ភាគរយ ដើម្បីយកថវិកាទៅទូទាត់ការចំណាយផ្សេងៗ។ លោកបន្ថែមថា មូលហេតុដែលម្រេចធ្លាក់ថ្លៃនៅឆ្នាំ២០២២នេះ ដោយសាររងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរស្ស៊ី-អ៊ុយក្រែន ដែលធ្វើឲ្យតម្រូវការប្រើប្រាស់មានការធ្លាក់ចុះដែរ។

លោកមានប្រសាសន៍ថា៖ «ជាធម្មតា ម្រេចជាអាហារសម្រាប់ហូប។ ប្រសិនជាអត់មានភ្ញៀវដើរហូបចុក ឬក៏តម្រូវការអត់កើនឡើងទេ ដូច្នេះវាធ្វើឱ្យតម្លៃធ្លាក់ចុះហើយ»។
លោកបន្តថា បច្ចុបប្បន្ន ទីផ្សារម្រេចត្រូវបាននាំចេញទៅវៀតណាម៨០ភាគរយ ថៃជាង១០ភាគរយ ហើយក្រៅពីទីផ្សារទាំង២នេះ គឺនាំចេញទៅប្រទេសនៅសហភាពអឺរ៉ុប។ ចំណែកទាក់ទងនឹងទិន្នផលឆ្នាំនេះវិញ លោកថា ទទួលបានប្រហាក់ប្រហែលនឹងឆ្នាំ២០២១ ដែរ។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានបញ្ជាក់ថា៖ «ទិន្នផលមិនសូវកើនឡើងប៉ុន្មានទេ ដោយសារតម្លៃថោក កសិករមិនសូវថែទាំឡើយ។ ខ្ញុំរំពឹងថា វានឹងឡើងថ្លៃ ដោយសារការហូបចុក វានឹងមានការកើនឡើង ហើយការផ្គត់ផ្គង់វានឹងមានកម្រិតដដែលបើធៀបនឹងកាលពីមុន។ ដូច្នេះការស្តុកម្រេចទុកនៅពេលម្រេចមានតម្លៃថោក គឺជាយុទ្ធសាស្ត្រត្រឹមត្រូវ ព្រោះទៅមុខទៀត នៅពេលតម្រូវការកើនឡើង ហើយការផ្គត់ផ្គង់មានកម្រិត នោះវានឹងធ្វើឱ្យតម្លៃម្រេច ត្រឡប់មកឡើងថ្លៃដូចដើមវិញ»។

សព្វថ្ងៃ ការដាំដុះដំណាំម្រេចនៅកម្ពុជា បន្តជួបប្រឈមបញ្ហាមួយចំនួន ដូចជា ថ្លៃដើមផលិតនៅតែខ្ពស់ជាងប្រទេសជិតខាង ដោយសារថ្លៃអគ្គិសនី ថ្លៃដឹកជញ្ជូន ជីកសិកម្ម និងប្រេងសាំងឡើងថ្លៃ និងបញ្ហាមួយទៀត គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យម្រេចលូតលាស់មិនសូវល្អ។

លោក ម៉ាក់ នី អះអាងថា កន្លងមកក៏មានកសិករមួយចំនួនបានបោះបង់មុខរបរដាំម្រេចចោលផងដែរ ដោយសារគាត់មិនអាចថែទាំម្រេចបានដិតដល់ ឬដោយសារគ្មានថវិកាគ្រាប់គ្រាន់សម្រាប់ថែទាំ។

លោកថ្លែងដូច្នេះថា៖ «មានអ្នកបោះបង់ក៏មាន មានអ្នកដាំឡើងវិញក៏មានដែរ។ អ្នកខ្លះ គេឃើញបច្ចុប្បន្នតម្លៃថោក គេចាប់ផ្តើមដាំ ដោយគិតឃើញរយៈពេលវែងខាងមុខថាវានឹងឡើងថ្លៃវិញ ព្រោះពេលបោះបង់ច្រើន ការផលិតផ្គត់ផ្គង់ទាប អាចធ្វើឱ្យតម្លៃឡើងថ្លៃវិញនៅពេលតម្រូវការកើនឡើងខ្ពស់»។ ជុំវិញបញ្ហាម្រេចធ្លាក់ថ្លៃនេះ ប្រធានសហព័ន្ធម្រេចរូបនេះ ស្នើឱ្យរដ្ឋាភិបាលជួយសម្រួលថ្លៃដឹកជញ្ជូន ផ្នែកផលិតផលម្រេចនេះ ឱ្យដូចទៅនឹងវិស័យស្រូវអង្ករផងដែរ។

ចំណែកលោក អ៊ី ចាន់ធី អាយុ៦៣ កសិករដាំម្រេចជាងកន្លះហិកតា នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ម្រេចឆ្នាំ២០២២នេះ មិនត្រឹមតែតម្លៃធ្លាក់ចុះនោះទេ ថែមទាំងមានបញ្ហាងាប់ដើមសឹងគ្រប់ចម្ការទាំងអស់ នៅក្នុងតំបន់របស់លោក។ លោកថា ម្រេចរបស់លោកមានចំនួនជាង៥ពាន់ជន្លង់ ហើយបច្ចុប្បន្នងាប់អស់នៅសស់ត្រឹម ១ពាន់ជន្លង់ ប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «បច្ចុប្បន្នតម្លៃ១២ ០០០រៀល ក្នុង១គីឡូក្រាម អត់ចំណេញទេ គឺខាត។ ខាតត្រង់ថាជីមួយបេ ជាង១០ម៉ឺនរៀល ហើយមិនមែនដាក់ម្តងនោះទេ នៅត្រូវបាញ់ទឹក នៅថ្លៃជម្រះស្មៅអីទៀត ដូច្នេះគិតទៅមិនចំណេញទេ»។

លោកបន្តថា កាលពីមុនម្រេចលូតលាស់ល្អ ក្នុងមួយជន្លង់អាចបេះបានបួនគីឡូក្រាម ប៉ុន្តែបច្ចុប្បន្ននៅសល់ត្រឹមួយគីឡូក្រាមប៉ុណ្ណោះ។ ដោយហេតុនេះហើយ កសិកររូបនេះ បានងាកទៅដាំ ដំណាំហូបផ្លែផ្សេងៗទៀត។ លោកថ្លែងដូច្នេះថា៖ «អត់មានគិតថែម្រេចទៀតនោះទេ គិតតែដាំកូនឈើ ដាំត្របែក ដាំម្នាស់។ ដំណាំអស់នេះ វាឲ្យផលក្នុងរយៈពេលពី ២ ទៅ៣ ខែ។ ចេះតែដាំទៅ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ»។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញម្រេចក្នុងរយៈពេល៧ ខែ ឆ្នាំ២០២២នេះ សម្រេចបានចំនួនជិត៧ពាន់តោន ធ្លាក់ចុះប្រមាណ៧០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕
ដោយ:ហ្វីន ហ្រ្វីដា

ads banner