នៅហុងកុង ពិធី «សែននំព្រះខែ» ឆ្នាំនេះ សោះកក្រោះបន្តិច ដោយសារតែការកម្រើកឡើងវិញនៃជំងឺកូវីដ
ហុងកុង៖ ការកម្រើកឡើងវិញនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ បានធ្វើឲ្យបរិយាកាសនៃពិធី «សែននំព្រះខែ» នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហុងកុង សោះកក្រោះបន្តិច។ មនុស្សម្នាមិនសូវចេញទៅទទួលទានអាហារតាមភោជនីយដ្ឋានដូចទម្លាប់ទេ ដោយសារតែកាតព្វកិច្ចធ្វើតេស្តរកមេរោគកូវីដ។ ជំនួសឲ្យការទៅទទួលទានអាហារនៅខាងក្រៅ ប្រជាជនហុងកុងភាគច្រើន បាននាំគ្នាទទួលទានអាហារជុំគ្នានៅផ្ទះ។
នៅហុងកុង ចំនួនករណីឆ្លងជំងឺកូវីដមានចំនួនចន្លោះពី៩ពាន់ ទៅមួយម៉ឺននាក់ ជារៀងរាល់ថ្ងៃ។ នៅថ្ងៃសុក្រ ទី០៩កញ្ញា ពោលគឺមួយថ្ងៃមុនពិធីបុណ្យសែននំព្រះខែ ហុងកុងរកឃើញករណីឆ្លងកូវីដ១៩ ចំនួនជាង១ម៉ឺននាក់ និងមានអ្នកស្លាប់ ដោយសារជំងឺកូវីដចំនួន១១នាក់។
គឺដោយសារតែការស្ទុះឡើងវិញនៃការឆ្លងកូវីដនេះហើយ ដែលអាជ្ញាធរហុងកុងតម្រូវឲ្យមានការធ្វើតេស្តរហ័សរកមេរោគ កូវីដ១៩ មុនពេលចូលរួមក្នុងការជួបជុំធំៗនានា។
ពលរដ្ឋហុងកុងដែលត្រូវចូលរួមក្នុងពិធីជួបជុំដែលមានមនុស្សវត្តមាន មនុស្សចូលរួមច្រើនជាង៨នាក់ ត្រូវ បង្ហាញ លទ្ធផល អវិជ្ជមាននៃការធ្វើតេស្តរហ័ស ដែលធ្វើឡើងនៅក្នុងអំឡុងពេល២៤ម៉ោង។ មិនត្រឹមតែក្នុងពិធីជួបជុំឯកជនទេ តែវិធានការននេះ បានពង្រីកវិសាលភាពទៅដល់ភោជនីយដ្ឋាននិងបារផងដែរ។
លោក Ray Chui Man-wai ប្រធានក្រុមឧស្សហកម្មម្ហូបអាហារនិងភេសជ្ជៈ ថ្លែងថា នៅក្នុងអំឡុងពេលដែលជំងឺកូវីដ កម្រើកឡើងវិញនេះ ការកក់ទុកនៅតាមភោជនីយដ្ឋាននិងបារនានា ត្រូវអតិថិជនលុបចោលទៅវិញ។ មិនទទួលទានអាហារនៅតាមភោជនីយដ្ឋាន មិន មែនដោយសារតែខ្លាចឆ្លងកូវីដទេ តែដោយសារតែពួកគេ ព្រួយបារម្ភខ្លាចចម្លងជំងឺនេះ ទៅកាន់សមាជិកគ្រួសារដែលងាយរងគ្រោះពីជំងឺកូវីដ១៩។ នេះបើតាមលោក Ray Chui Man-wai។
ចំណែកលោក Simon Wong Ka-wo ប្រធានសហព័ន្ធភោជនីយដ្ឋាននិងពាណិជ្ជកម្មពាក់ព័ន្ធនៃទីក្រុងហុងកុង ថ្លែងឲ្យដឹងថា ការកក់នៅតាមភោជនីយដ្ឋាននៅឆ្នាំនេះ សម្រេចបានត្រឹមតែ៥០ភាគរយ នៃសមត្ថភាពភោជនីយដ្ឋានប៉ុណ្ណោះ បើធៀបនឹងអត្រាកក់ដែលមានដល់ទៅ៩០ភាគរយកាលពីឆ្នាំមុន។
សូមជម្រាបថា ពិធីបុណ្យ «សែននំលោកខែ» គឺជាថ្ងៃឈប់សម្រាកដ៏ធំបំផុតទីពីររបស់ចិន បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ហើយតែងតែប្រារព្ធធ្វើនៅយប់ដែលព្រះច័ន្ទពេញវង់ និងភ្លឺបំផុត គឺនៅថ្ងៃទី១៥ នៃខែទី៨ តាមប្រតិទិនច័ន្ទគតិ ដែលត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ។
ពិធីបុណ្យនេះ រំឭកពីរឿងព្រេងរបស់ព្រះនាងឆាងអឺ ជាអ្នកតម្បាញ ដែលក្លាយជាទេពធីតានៅលើឋានព្រះច័ន្ទ។ ប្រជាជនសែស្រឡាយចិន និងវៀតណាមជាដើម ប្រារព្ធពិធីបុណ្យនេះដោយការជួបជុំគ្នាទទួលទានអាហារ សែននំព្រះខែ និងមានចង្កៀងគោមសម្រាប់ក្មេងៗកាន់ដើរបង្អួតគ្នានៅតាមផ្លូវ៕ ដោយ៖ កែវ កិរិយា